តុលាការផ្ដន្ទាទោសជនជាតិចិន ៨នាក់ដាក់ពន្ធនាគារម្នាក់ៗពី១៨ឆ្នាំ ដល់២២ឆ្នាំ ក្នុងរឿងឧក្រឹដ្ឋកម្មចាប់ជំរិត និងកាន់កាប់អាវុធដោយខុសច្បាប់
(ភ្នំពេញ)៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសជនជាតិចិន ៨នាក់ ដាក់ពន្ធនាគារទី១.ឈ្មោះ
TIAN HENGWEI, ទី២ឈ្មោះ MIAO QIANLONG ហៅ HICHAEL, ទី៣ឈ្មោះ ZHU XINYU ហៅ ATY, ទី៤ឈ្មោះ XU PANPAN, ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន២២ឆ្នាំ ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ និងកាន់កាប់អាវុធដោយខុសច្បាប់
តាមបញ្ញត្តិមាត្រា២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
ទី៥.ផ្តន្ទាទោសឈ្មោះ WANG XIAO WEI, ទី៦ឈ្មោះ ZHANG YUNCHANG, ទី៧ឈ្មោះ ZHANG YUNLEI ហៅ អាយួន និងទី៨ឈ្មោះ HUANG TINGYUN (រត់គេចខ្លួន) ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ១៨ឆ្នាំ ពីបទ បង្ខាំងមនុស្សខុសច្បាប់ និងកាន់កាប់អាវុធដោយខុសច្បាប់។
សាលក្រមក៍បានប្រកាសផ្តន្ទាទោសបន្ថែមលើក្រុមឧក្រិដ្ឋជនទាំង៨នាក់ មិនឲ្យស្នាក់នៅក្នុងប្រទេសកម្ពុជា ជាស្ថាពរ។
ក្នុងខ្លឹមសារសាលក្រមដដែលនេះ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោក កូយ សៅ បានសម្រេច បង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឧក្រិដ្ឋជនជាតិចិនឈ្មោះ HUANG TINGYUN យកមកអនុវត្តន៍ទោសតាមច្បាប់ តាមបញ្ញត្តិមាត្រា ៦២ និងមាត្រា២៥៥ នៃក្រមព្រហ្មទណ្ឌ
ហើយបានបង្គាប់ឲ្យឧក្រិដ្ឋជនទាំង៨នាក់ខាងលើនេះ រួមគ្នាសងសំណងចំនួន២៥ម៉ឺនដុល្លា ទៅឲ្យដើមបណ្តឹង និងសំណងជម្ងឺចិត្តចំនួន (១០០លានរៀល)ផងដែរ។
សាលក្រមនេះ ក៍បានទុកសិទ្ធិឲ្យពឍួកគេប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់។
សូមជម្រាបជូនថា តុលាការបានបើកសវនាការជំនុំជម្រះទោសក្រុមជនជាប់ចោទកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់ បង្ខាំងមនុស្សដោយខុស ច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចអគារ SKY VILLA ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងផ្ទះលេខ៣៩ ផ្លូវL០៤ បុរីជីបម៉ុង៦០ម៉ែត ស្ថិតនៅភូមិស្រុក ចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្ទះលេខ១៨A ផ្លូវM-០៥ បុរីប៉េងហូត៥០ម៉ែត ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៣។
គួរំលឹកថា កម្លាំងសមត្ថកិច្ចនាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន និងបញ្ជូនខ្លួនក្រុមជនជាប់ចោទខាងលើ ទៅតុលាការ កាលពីអំឡុងពាក់កណ្ដាលខែមេសា ឆ្នាំ២០២៣ ក្នុងករណីចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាប្រមាណជាជាង ១០ លានដុល្លារ ៕