កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធនៅខេត្តកំពត រហូតចាប់បានជនដៃដល់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥៖០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណខ្មៅ សេរី២០២៣ ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាក បានធ្វើសកម្មភាពចូលក្នុងផ្ទះប្រជាពលរដ្ឋលក់ដូរឈ្មោះ សៅ ភាន់ ភេទស្រី អាយុ៣៤ឆ្នាំ នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ភ្ជង់ប្លន់យកគ្រឿងអល្លង្ការ លុយ និងទូរសព្ទ ហើយគេចខ្លួនបាត់តែម្តង។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់មានឈ្មោះ អេង កុសល ភេទប្រុស ជនជាតិខ្មែរ នៅចំណុចភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងមុខសញ្ញាសេស សល់ម្នាក់ទៀតរត់គេចខ្លួន។
រហូតដល់ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៥០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំ និងបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអនុវត្តដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពត ជាមុខសញ្ញាសេសសល់ក្នុងករណី ឈ្មោះ កៅ ផា ហៅ ណៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ចំណុចភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ជនរងគ្រោះខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕