Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីអាវុធហត្ថ​ផ្ទុះអាវុធ១០គ្រាប់ត្រូវ​ប្រជាការពារម្នាក់របួសធ្ងន់

​ភ្នំពេញ៖ មន្ត្រីអាវុធហត្ថម្នាក់សង្ស័យស្រវឹងស្រាបាន ដកកាំភ្លើងខ្លីបាញ់ចំនួន១០គ្រាប់ត្រូវកម្លាំងប្រជាការពារម្នាក់របួសធ្ងន់ ផ្អើលប្រជាពលរដ្ឋនិង សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី២ ដែលកំពុងល្បាត
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃ ទី១២ ខែតុលា​ ឆ្នាំ២០១៨នៅចំណុចទល់​មុខផ្ទះ ល្វែងA4 ផ្លូវបេតុង ភូមិ​គង្គារ​ផុស ស្ថិតក្នុងសង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

ជនបង្កដែលជាខ្មាន់កាំភ្លើងមានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរ​ មន្ត្រីអាវុធហត្ថ​លើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២​ បាន ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ឫស្សីកែវ បានចេញល្បាត ពួនស្ទាក់តាមភូមិសាស្ត្រនានា ក្នុងមូលដ្ឋាន និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ​ បង្ក្រាប​បទល្មើស ចោរ​លួច ឆក់​ ប្លន់​ ផ្សេងៗ ដើម្បីរក្សាសុវត្ថិភាព​ជូនបងប្អូនប្រជាពលរដ្ឋ ខណៈដែលល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី បានប្រទះឃើញក្រុមក្មេងទំនើង​កំពុងវាយតប់គ្នាគ្រាន់ តែឃើញ​សមត្ថកិច្ចភ្លាម​ក្រុមក្មេងទំនើងមួយក្រុមក៏បានឡើងជិះម៉ូតូរត់គេចខ្លួន ភ្លាមនោះ​កម្លាំងបានជិះម៉ូតូប្រដេញតាម ចូលទៅតាមផ្លូវបេតុង(គ្មានលេខ) មុខផ្ទះល្វែងA4 ដែលជាកន្លែងកើតហេតុ ខាងលើ ស្ថិតក្នុងភូមិ​គង្គារ​ផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ​ កម្លាំងក៏បានឃាត់ម៉ូតូជនសង្ស័យបំរុងនិងសុំធ្វើការឆែកឆេរ និងសួរនាំ ស្រាប់តែបុរសម្នាក់​ស្លៀកពាក់ ស៊ីវិល​ ក្នុងដៃមានកាន់កាំភ្លើងខ្លី១ដើម ម៉ាក Lock ពណ៍ខ្មៅ​បានបាញ់​ចំនួន១០គ្រាប់បណ្ដាលឲ្យត្រូវ១គ្រាប់ចំជើងខាងស្ដាំរបស់កម្លាំងប្រជាការពារម្នាក់រងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តសាមុយដឹងយក ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ចំនួន១០គ្រាប់ ដកហូតអាវុធខ្លីម៉ាកLock១ដើមគ្រាប់មិនផ្ទុះ១គ្រាប់និងបានឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងយកទៅធ្វើការសាកសួរនិងបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕