នគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរប្លន់នៅខេត្តសៀមរាប ចាប់ខ្លួនបាន២នាក់
សៀមរាប ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់នៅខេត្តសៀមរាប ចាប់ខ្លួនបានចំនួន២នាក់និងដកហូតវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រត្តិបទល្មេីសបានមួយចំនួន ៖ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យនេះដែរធ្វើឡើង កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅស្រុកគូលេននិង ស្រុកសូនិគម ខេត្តសៀមរាប និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រត្តិបទល្មេីសបានមួយចំនួន។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន
ទី១៖ មានឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុណ ស្រុកសូនិគម ខេត្តសៀមរាប
ទី២៖ ឈ្មោះ ឈិន ភន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំស្រយ៉ង ស្រុកគូលេន ខេត្តសៀមរាប និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រត្តិបទល្មេីសបានមួយចំនួន។
ក្រុមនេះតែងធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត។
សូមរំលឹកថា កាលពីថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១និង១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខខេត្តសៀមរាបក្រុមជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់យក ទ្រព្យសម្បត្តិរួចគេចខ្លួនដោយសុវត្ថិភាព។
ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់របស់ជនសង្ស័យ។
លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់តែម្ដង។
ក្រោយពីសាកសួរជនសង្ស័យទាំងពីរ បានសារ ភាពដូចគ្នាថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១និង១៥នាទី ពួកខ្លួនដែលមានបក្ខចំនួន៣នាក់ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត ) ភ្ជង់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាជនសង្ស័យឈ្មោះ ឈិន ភណ្ឌ ដែលរត់គេចខ្លួន៕