ករណីឪពុកគំរាមសម្លាប់កូន ហើយថតបង្ហោះតាមហ្វេសបុក នៅខេត្តកំពត ជនបង្កត្រូវកម្លាំងនគរបាលចាប់ខ្លួន, ក្មេងរងគ្រោះមានសុវត្ថិភាពបានប្រគល់ជូនម្ដាយវិញ
កំពត ៖ កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៣០ នាទី មានករណីឪពុកបង្កើតគំរាមសម្លាប់កូនឈ្មោះ ឌិន សុរ៉ាសម្រិត ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាល ឃុំ ប្រភ្នំ ស្រុក អង្គរជ័យ ខេត្តកំពត។
ជនសង្ស័យត្រូវជាឪពុកឈ្មោះ លឹម ពិទូ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បាននាំកូនជិះម៉ូតូទៅទិសខាងលិច ដោយមិនដឹងទៅកន្លែងណា។ មូលហេតុ ជនសង្ស័យឈ្លោះជាមួយប្រពន្ធ គំរាមថានឹងសម្លាប់កូន។
លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ពិទូ ត្រង់ចំណុច ភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូក ខេត្តកំពត ចំពោះក្មេងប្រុសឈ្មោះ ឌិន សុរ៉ាសម្រិត មិនមានរងរបួសអ្វីទេ។ ចំពោះ ឈ្មោះ លឹម ពិទូ បានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីបន្ត៕