Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

ប៉ះ​សម្ដី​គ្នាពេល​ផឹកស៊ី បើក​អេ​ស្កា​វ៉ា​ក់​ទ័​រ កាយ​បំបាក់​ផ្ទះរលំ​សង្ក​ត់​ស្លាប់ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ស្រុក​កំពង់​រោ​ទិ៍

ខេត្តស្វាយរៀង ៖ ពិតជា​សាហាវឃោរឃៅ​មែន បុគ្គលិក​ក្រុមហ៊ុន​សាងសង់​ផ្លូវ បាន​ផ្ទុះ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​ជាមួយ​គ្នា ហើយ​ធ្វើ​ឲ្យ​តៃកុង​បើក​អេ​ស្កា​វ៉ា​ក់​ទ័​រ ម្នាក់​ខឹង​ចងគំនុំ ទៅ​បើក​អេ​ស្កា​វ៉ា​ក់​ទ័​រ រុញ​ផ្ទះ​បំបាក់​រលំ​សង្កត់ស្លាប់ម្នាក់ របួសធ្ងន់​ម្នាក់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នាំ​គ្នា​ទៅ​គាស់​យក​ជន​រង​គ្រោះ ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ជន​បង្ក​បាន​ភ្លាម​ៗ ផង​ដែរ ។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​១០០​ខ្នង (​ដែល​រាជរដ្ឋាភិបាល​សាងសង់​ផ្តល់​ជូន​អតីតៈ​យុទ្ធ​ជន​សោធន​និវត្ត​) នៅ​ជិត​ព្រំដែន ក្បែរ​ប៉ុស្តិ៍​ច្រករបៀង​ធ្លក​ថ្មី ស្ថិត​នៅ​ភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ជន​រង​គ្រោះ ដែល​ស្លា​.​ប់​បាត់បង់​ជីវិត មានឈ្មោះ ឌឹ​ម សា​រឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានកូន​០២​នាក់ (​ស្រី​ម្នាក់​) ជា​បុគ្គលិក​បើក​អា​ប៊ុល​កិន​ថ្នល់​(​ក្រុមហ៊ុន​សាងសង់​ផ្លូវ​) មាន​ទីលំនៅ​ភូមិ​តា​នប់ ឃុំ​ត្នោត ស្រុក​បាទី​ខេត្តតាកែវ​ត្រូវ​ផ្ទះ​បាក់​សង្កត់​ចំ​ពីលើ​ស្លា​.​ប់​បាត់បង់​ជីវិត​គួរ​ឲ្យ​ស​ង្វេ​ក ។

ជន​រង​គ្រោះ​ទី​២ មានឈ្មោះ​តាំង យូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​ជោ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង របួស​ក្បាល​ធ្ងន់ធ្ងរ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។

រីឯ​ជន​បង្ក ឈ្មោះ ខែ​ក បញ្ញា ភេទ​ប្រុស អាយ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ រួច​បញ្ជូន​មក​ស្នងការ​នគ​បាល​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី ។

សមត្ថកិច្ច​បាន​បន្ត​ថា បើ​តាម​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ធ្វើ​ថ្នល់ បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ ជន​បង្ក និង​ជន​រង​គ្រោះ បាន​ផឹកស៊ី​ជាមួយ​គ្នា ក្រោយមក ក៏​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ក៏​ត្រូវ​មិត្តភក្តិ​ធ្វើការ​ជាមួយ​គ្នា ឃាត់​ជន​បង្ក ក៏​បាន​ដើរ​ចេញ​ទៅ ចំណែក​ជន​រង​គ្រោះ បាន​ផឹក​បន្ត រហូត​ដល់​ស្រវឹង​ជោក ក៏​នាំ​គ្នា​ទៅ​ចង​អង្រឹង​ដេក នៅ​ក្រោមផ្ទះ ដែល​ម្ចាស់​គេ​អត់​នៅ (​ផ្ទះ​មន្ត្រី​នគ​បាល​ចូល​និវត្ត​ម្នាក់​) ក្រោយ​ពី​ដេក​លង់លក់​មួយសន្ទុះ ក្រោយមក ស្រាប់តែ​ជន​បង្ក បើក​អេ​ស្កា​វ៉ា​ក់​ទ័​រ ១​គ្រឿង មក​កាយ​រុញ​បំបាក់​ផ្ទះ បណ្តាល​ឲ្យ​បាក់​ផ្ទះ​ខ្ទេច​ទាំងស្រុង សង្កត់ពីលើ​ជន​រង​គ្រោះ​ទាំង​០២​នាក់ ដែល​កំពុង​ដេក​លង់លក់​ក្រោមផ្ទះ ជាប់​ពីលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​កម្មករ និង​ប្រជាពលរដ្ឋ​នាំ​គ្នា មក​មើល ហើយ​ជួយ​គាស់​យក​ជន​រង​គ្រោះ តែ​យឺត​ពេល​ទៅ​ហើយ ជន​រង​គ្រោះ​ម្នាក់ បាន​ស្លា​.​ប់​ហើយ​ម្នាក់​ទៀត រង​របួសធ្ងន់​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ភ្លាម​ៗ​នោះ​ដែរ ប្រជាពលរដ្ឋ​បាន​ប្តឹង​សមត្ថកិច្ច​នគ​បាល​វរៈ​ការពារ​ព្រំដែន ប៉ុស្តិ៍​ច្រករបៀង​ធ្លក​ថ្មី មក​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ដែរ រួច​បញ្ជូន​ឲ្យ​លោក​អធិការ នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់​រោ​ទ៌ បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង ទាំង​យប់ ។

សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​សា​ម៉ុ​យ​ដឹក​ជន​រង​គ្រោះ ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។ ចំណែកឯ​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ខេត្តតាកែវ ៕