Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

តុលាការក្រុងភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកជំទាវ ចាយ ផានី ភរិយាឯកឧត្តម ញឹម វណ្ណដា ពាក់ព័ន្ធសំណុំរឿង រំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់

(ភ្នំពេញ)៖ លោកជំទាវ ចាយ ផានី ដែលគេស្គាល់ថា ជាភរិយាឯកឧត្តម ញឹម វណ្ណដា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន បន្ទាប់ពីលោកជំទាវរូបនេះគេចវេះមិនព្រមចូលខ្លួនបំភ្លឺ តាមដីកាកោះហៅរបស់តុលាការ។ នេះបើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញដែលអ្នកសារព័ត៌មានទើបតែទទួលបាន។

លោក កូយ សៅ អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោកជំទាវ ចាយ ផានី ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២។

បើតាមដីកាលេខ៩១៦ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកជំទាវ ចាយ ផានី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ តាំងពីទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

ជុំវិញសំណុំរឿងខាងលើនេះ អ្នកសារព័ត៌មាននៅពុំទាន់អាចសុំការបញ្ជាក់ពីលោកជំទាវ ចាយ ផានី បានឡើយទេ។

ដោយឡែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ក៏មិនទាន់ឆ្លើយតបសំនួររបស់អ្នកសារព័ត៌មាន តាមរយៈសារអេឡិចត្រូនិច តេឡេក្រាម ផងដែរ៕