Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

ចេញដីកាបង្គាប់ឱ្យនគរបាលចាប់អតីតយោធាផ្កាយ២ម្នាក់យកទៅដាក់គុករយៈពេល១ឆ្នាំ ដល់ពេលចាប់ខ្លួនបាន! បែរជាតំណាងអយ្យការដោះលែង តើខ្លឹមសារដីកាទៅជាយ៉ាងណាវិញ?

(ភ្នំពេញ)៖ បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតឈ្មោះ សូយ ចាន់សឿន ហៅ វ៉ា ជាអតីតមន្ត្រីយោធាផ្កាយ២ យកទៅដាក់គុកព្រៃស (ម១) សមត្ថកិច្ចជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានខិតខំប្រតិបត្តិតាមភ្លាមៗ ប្រកបដោយកិច្ចខិតខំប្រឹងប្រែង ហូតឃាត់ខ្លួនទណ្ឌិតរូបនេះតាមតាមអំណាចដីការបស់តំណាងអយ្យការរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា ប៉ុន្តែជាអកុសល ដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតឈ្មោះ សូយ ចាន់សឿន ហៅ វ៉ា យកទៅដាក់គុក បែរជាមិនគ្មានន័យបន្ទាប់ពីទណ្ឌិតរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ។

គ្មានន័យដោយសារតែ លោក សំម ឬទ្ធីវាសនា ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងទណ្ឌិត ដែលខ្លួនចេញដីកាបង្គាប់ឱ្យចាប់យកទៅដាក់គុក នោះឱ្យមានសេរីភាពវិញ នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ។

សមត្ថកិច្ច បានឱ្យដឹងថា ការសម្រេចមិនដាក់គុកទណ្ឌិត តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តំណាងអយ្យការ គឺដោយសារតែទណ្ឌិតឈ្មោះ សូយ ចាន់សឿន ព្រមសងប្រាក់ទៅជនរងគ្រោះ ចំនួន ២០លានរៀល និងមានការធានាខ្លួនពីលោកមេធារី ហាក់ សុភារិទ្ធ ដែលជាមេធានីការពារសិទ្ធិរបស់ទណ្ឌិតរូបនេះ។

សូមបញ្ជាក់ថា លោក សំម ឬទ្ធីវាសនា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាលេខ ០៧២ អ.យ.ទ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតឈ្មោះ សូយ ចាន់សឿន យកទៅដាក់គុកព្រៃស (ម១) កំណត់រយៈពេល ១ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ២២០ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីអនុវត្តការបង្ខំដល់រូបកាយ ព្រោះតែទណ្ឌិតរូបនេះមិនព្រមបង់ប្រាក់សងសំណងជម្ងឺចិត្តឱ្យទៅដើមបណ្ដឹងរដ្ឋប្បវេណី តាមលិខិតជូនដំណឹងលេខ ៥៤២ អ.យ.ទ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ៕