ជួបសង្សារចាស់ដែលបែកគ្នាជាង៣ខែនាំមកលោតទឹកសម្លាប់ខ្លួនធ្វើឲ្យនាងជាសង្សារអង្គុយទ្រហោយំ
ភ្នំពេញ៖ គូស្នេហ៍មួយគូស្មោះស្មគ្រ័ស្រលាញ់គ្នាជាង ៣ឆ្នាំ ឪពុកម្តាយខាងប្រុសមិនពេញចិត្តក៏បានបែកគ្នា ៣ខែខណៈខាងប្រុសឃើញនាងជិះម៉ូតូជាមួយសង្សារថ្មី ក៏ឃាត់ហៅមកជិះម៉ូតូជាមួយខ្លួនពេលមកដល់ស្ពានបេឡេក៏ផ្តួលម៉ូតូចោលហើយលោតទឹកសម្លាប់ខ្លួន បន្សល់ទុកនារីជាសង្សារឲ្យទ្រហោយំនៅលើស្ពានតែម្នាក់ឯង ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង០២ នឹង០០នាទីរសៀល ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៨ នៅ ចំណុចលើស្ពានបេឡេ ស្ថិតក្នុងភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលលោតទឹក ត្រូវបានគេស្គាល់ឈ្មោះ សាំង សុរៈ ភេទប្រុសអាយុ២១ឆ្នាំ រស់ម្តុំជិតវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ ចំណែកនារីជាសង្សារ មានឈ្មោះ អ៊ា ឆៃលី អាយុ១៩ ឆ្នាំ ជានិស្សិតគណីវ៉ាន់ដាឆ្នាំទី១ រស់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
បើតាមនារីជាសង្សារចាស់បានរៀបរាប់ប្រាប់ឱ្យដឹងថា យុវជនរងគ្រោះនិងនាងបានស្រលាញ់គ្នាក្នុងនាមជា សង្សាររយៈពេលជាង៣ឆ្នាំមកហើយ រឿងនេះក៏បាន ដឹងដល់ឪពុកម្តាយទាំងសងខាង ប៉ុន្តែឪពុកម្តាយខាងប្រុសមិនពេញចិត្តនាងទេ ។ ក្រោយមកពួកគេទាំង២ នាក់ក៏បានឈ្លោះគ្នាបែកគ្នារហូតរយៈពេលជាង៣ខែ មកហើយ រួចនាងក៏មានសង្សារថ្មីទៀតដែរ ។
នារីវ័យក្មេងខាងលើបានបន្តថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូជាមួយសង្សារថ្មីនៅម្តុំតំបន់អភិវឌ្ឍជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ខណៈកំពុងជិះម៉ូតូឌុបគ្នាក៏លេចមុខយុវជនជាសង្សារចាស់ដែលបានបែកគ្នារយៈ៣ខែមកហើយ នោះមកឃាត់នាងដោយហៅឲ្យមកជិះម៉ូតូជាមួយគេ (ជនរងគ្រោះ)ខណៈជិះឌុបគ្នាមកដល់លើស្ពានបេឡេ គេក៏ផ្តួលម៉ូតូហើយឡើងលើបង្កាន់ដៃស្ពានលោតទឺកសម្លាប់ខ្លួនតែម្តងទោះបី នាងឃាត់ក៏ឃាត់មិនទាន់ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅលើស្ពាន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំនារីជាសង្សា មកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីចង់ដឹង ពីមូលហេតុ ។ បន្ទាប់ពីសមត្ថកិច្ចសួរនាំរួច បានទំទាក់ទងទៅក្រុមគ្រួសារយុវជនរងគ្រោះ ឱ្យមករកកូនដែលលិចទឹកបាត់នោះផងដែរ ៕