កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ជនជាតិវៀតណាមជិត១០នាក់សង្ស័យលួចរថយន្តពីវៀត ណាម
ភ្នំពេញ៖ ជនជាតិវៀតណាមជិត១០នាក់ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការ បង្ក្រាបនឹងឃាត់ខ្លួន បន្ទាប់ពីសង្ស័យពាក់ព័ន្ធការលួច នឹងប្លន់រថយន្តពីប្រទេសវៀតណាមយកមកលាក់ទុក នៅកម្ពុជា ៖ ប្រតិបត្តិការនេះអនុវត្តន៍តាមការបញ្ជាពី នាយកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នឹងមានការសម្រប សម្រួលពីលោក ហុឺម ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃដែលដឹកនាំចុះផ្ទាល់បានអោយដឹងថាក្រោយពីមានការបញ្ជាពីប្រធាននាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ រហូតកំណត់ទីតាំងដែលក្រុមជនសង្ស័យកំពុងស្នាក់ នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៨ ទើបកម្លាំងរបស់លោកបានដាក់ផែនការចូលឡោមព័ទ្ធត្រង់ចំណុចទីតាំងខាងលើនឹងធ្វើការឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់រួមទាំងសម្ភារប្រើប្រាស់សម្រាប់កែច្នៃស្លាកលេខរថយន្ត នឹងស្លាក លេខរថយន្តមួយចំនួនធំហើយថែមទាំងដកហូតបាន រថយន្តដែលនាំពីវៀតណាមចំនួនបីគ្រឿង ។
គួរបញ្ជាក់ថាចំពោះករណីនេះកម្លាំងសមត្ថកិច្ចនៅមិន ទាន់បញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងនោះនៅ ឡើយហើយក៏មិនទាន់ប្រាប់ច្បាស់ថាជាករណីអ្វីអោយប្រាកដនោះទេ ដោយគ្រាន់តែបង្ហើបថា សង្ស័យពាក់ព័ន្ធនឹងករណីលួចរថយន្តពីប្រទេសវៀតណាមមកលាក់ទុកនៅស្រុកខ្មែរ ។ ក្រោយធ្វើការបង្ក្រាបជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានដឹកបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តការសាកសួរបន្ថែមទៀត៕