Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង​រៀបចំកិច្ចប្រជុំពិ​គ្រោះយោបល់ស្តីពីកិច្ចសហការ ជួយជនរងគ្រោះស្ត្រី និងកុមារ

កោះកុង ៖ នាវេលាម៉ោង២.៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហការ ជួយជនរងគ្រោះស្ត្រី និងកុមារ ដោយអំពើហឹង្សាធ្ងន់ធ្ងរ
កិច្ចប្រជុំខាងលើបានធ្វើឡើងដោយយោងទៅលើលិខិតលេខ ១៤០/១៨ មកន.ខកក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមជាគណះអធិបតីពីសំណាក់ លោកជំទាវ ប៊ុន ឈិតវាសនា អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លោក អន ភារះ អភិបាលរង នៃគណះអភិបាលខេត្តកោះកុង រួមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាល អភិបាលរង ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ ។
នៅក្នុងកិច្ចប្រជុំខាងលើ អន ភារះ អភិបាលរង នៃគណះអភិបាលខេត្តកោះកុង បានថ្លែងថា ការរៀបចំកិច្ចប្រជុំនេះគឺជាការបញ្ជាក់យ៉ាងច្បាស់ពីឆន្ទះ និង ការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ និងអំពើហឹង្សាលើស្ត្រី និងក្មេងស្រី ដែលជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត និង មិនអាចអត់ឱនបាន ដែលជាទូទៅភាគច្រើនស្ត្រី និងក្មេងស្រី គឺជាអ្នករងគ្រោះ អំពើទាំងនេះបានរួមចំណែកធ្វើអោយ សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរមានបញ្ហាប្រឈមជាច្រើនដូចជា ការរើសអើង ការប្រមាថមើលងាយ ការប្រើអំពើហឹង្សា ធ្វើទារុណ្ឌកម្ម បង្ខិតបង្ខំ ទាំងផ្លូវនិងផ្លូវចិត្ត ការជួញផ្លូវភេទ និងកម្លាំងពលកម្មជាដើម ដែលធ្វើអោយប៉ះពាល់ជាខ្លាំងដល់សន្តិសុខ និង សុវត្តិភាពសង្គម ។
ប្រភពខាងលើបានបន្តថា បើទោះបីជាកន្លងមកខេត្តកោះកុងទទួលបានជោគជ័យច្រើនក្នុងការបង្ក្រាបជនល្មើស និងជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស និង កេងប្រវ័ញ្ជនានាគ្រប់រូបភាពក៏ដោយ ក៏ខេត្តកោះកុងនូវមានកិច្ចការជាច្រើនទៀត ដែលត្រូវអនុវត្តបន្តដើម្បីរួមចំណែក ទប់ស្កាត់ កាត់បន្ថយ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចគ្រប់រូបភាព ជាពិសេសការបន្តការអនុវត្ត នូវផែនការរបស់គណះកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) ដែលមានលោកជំទាវអភិបាលខេត្តជាប្រធាន ។
លោក អន ភារះ អភិបាលរង នៃគណះអភិបាលខេត្តកោះកុង ក៏បានសំណូមពដល់សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ គ្រប់លំដាប់ថ្នាក់ក្រុង ស្រុក អាជ្ញាធរដែនដី សង្គមស៊ីវិល ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់រួមគ្នាអនុវត្តការងារជួយផ្តល់សេវា ដល់ស្ត្រី និង ក្មេងស្រីរងគ្រោះ ដោយអំពើហឹង្សា (បង្ករបួសស្នាម រំលោភសេពសន្ថវះ ការជួញដូរមនុស្ស )។ល។ ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ដើម្បីអោយសម្រេចបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកំពស់សមភាពយេនឌ័រ និងដើម្បីបម្រើផលប្រយោជន៍ដល់ស្រី្ត និងក្មេងស្រីគ្រប់រូបក្នុងខេត្តកោះកុង ៕