Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស​ ! ក្រុមចោរដាវសាំមរ៉ៃ៤នាក់កាប់ជនរង​គ្រោះដែលមានគ្នា៦​នាក់ប្លន់យកម៉ូតូបាន​សម្រេច​រួចគេចខ្លួន​ដោយ​សុវត្ថិភាព

ភ្នំពេញ៖ យុវជនប្រុសស្រី៦នាក់​ នាំគ្នាអង្គុយ ក្បែអូតែលសុខា​ ដល់យប់ស្ងាត់ត្រូវជនសង្ស័យ១ក្រុមមានគ្នា៤នាក់ ប្រដាប់ដោយដាវសាំមរ៉ៃ៤ដើម បានធ្វើសកម្មភាពកាប់​បណ្ដាលឲ្យរងរបួសរួចប្លន់យកម៉ូតូបានសម្រេច​ ជិះគេច​ខ្លួន​បាត់​ដោយសុវត្ថិភាព​
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង​១២ និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្បែរអូតេលសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់មានឈ្មោះ ហេង ហម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបប ជាងអគ្គិសនី ស្នាក់នៅកន្លែងធ្វើការ​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិផ្ទះកណ្ដាល ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ម៉ូតូដែលក្រុមចោរប្លន់យកនោះម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-2306​ ។

យោងតាមប្រភពព័ត៌មានពីមិត្តភ័ក្ត្រជនរងគ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ ពួកគេមានគ្នាប្រុសស្រី៦នាក់ ទាំងជនរងគ្រោះ បានជិះម៉ូតូ២គ្រឿងឌុបគ្នាមកពីម្ដុំទឹកថ្លា ហើយមកអង្គុយលេងនៅកន្លែងកើតហេតុ។ ខណៈដែលអង្គុយលេងបានមួយសន្ទុះ​ ស្រាប់តែមានជន​សង្ស័យ៤នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឡេត មិនចាំស្លាកលេខ ប្រដាប់ដោយដាវសាំមរ៉ៃ៤ដើម មកដល់ធ្វើសកម្មភាពកាប់​ទៅលើជនរងគ្រោះម្នាក់ ក្នុងចំណោម៦នាក់ បណ្ដាលឲ្យត្រូវចំដៃហូរឈាម តែមិនធ្ងន់ធ្ងរ ធ្វើឲ្យក្រុមជនរងគ្រោះភ័យ​ស្លន់ស្លោនាំគ្នារត់ចេញពីកន្លែងកើតហេតុទាំងមិនបានដក​សោរម៉ូតូ​ ឃើញឱកាសល្អក្រុមជនសង្ស័យបានយកម៉ូតូជន​រងគ្រោះជិះគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមតែនាំគ្នាទៅ​ដាក់​ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចតាមដានស្រាវជ្រាវមុខសញ្ញា និងចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕