Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងធនធានទឹកប្រកាសឲ្យប្រជានេសាទ ប្រុងប្រយ័ត្ន​ព្រោះកម្ពុជា កំពុងទទួលរងសម្ពាធទាបពីព្យុះUsagi

(ភ្នំពេញ) មន្ត្រីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ប្រទេសកម្ពុជា កំពុងទទួលរងសម្ពាធពីព្យុះមួយ ដែលទើបធ្វើដំណើរចេញពីប្រទេសវៀតណាម បណ្តាលឲ្យប្រទេសយើង មានសម្ពាធទាប មានភ្លៀង ធ្លាក់ច្រើនលាយឡំដោយខ្យល់កន្ត្រាក់ផង។
ឯកឧត្តមចាន់ យុត្ថា​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខ្យល់ព្យុះឈ្មោះUsagi កាលពីស្ថិតនៅប្រទេសវៀតណាម វាមានឈ្មោះថាព្យុះទីហ្វុង។ លុះឆ្លងចូលដល់ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម វាបានប្រែប្រួលក្លាយជាសម្ពាធទាប បណ្តាលឲ្យមានភ្លៀង និងខ្យល់នៅតាមតំបន់ភាគខាងត្បូងប្រទេសកម្ពុជា និងបន្តគ្របដណ្តប់នៅតំបន់ទំនាបកណ្តាលភាគពាយព្យ និងខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ ប្រទេសកម្ពុជាយើង នឹងបន្តមានអាកាសធាតុអាប់អួរ។
អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា សូមអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ មេត្តាផ្អាកសកម្មភាពចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការពារមានគ្រោះថ្នាក់ជាយថាហេតុ៕