សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនខ្មាន់កាំភ្លើងម្នាក់ដែលបាញ់រះជាច្រើនគ្រាប់យកទៅសួរនាំរួចទាញទ្វាររបងបិតព្យាយាមលាក់បាំងអ្នកកាសែត
ភ្នំពេញ៖ បុរសជើងខ្លាំងម្នាក់ដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ នៅក្នុងទីតាំងផ្ទះល្វែងតាង៉ូវ ដោយមិនដឹងមូលហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋភិតភ័យយ៉ាងខ្លាំងទាំងកណ្ដាល
អាធ្រាត ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៨ ក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ផ្លូវ៦៦៦A ភូមិតាង៉ូវក្រោម សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុរសដែលជាខ្មាន់កាំភ្លើងមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយបង្កហេតុរួចត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់និងនាំខ្លួនទៅសាកសួរនៅប៉ុស្តិនគរបាលនិរោធហើយទាញទ្វារបិតព្យាយាម មិនផ្ដល់ព័ត៌មានឲ្យអ្នកកាសែតដឹង ហាក់បីដូចជាមានអាកំបាំង ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលបានប្រាប់សមត្ថកិច្ច ឲ្យដឹងថា នៅម៉ោងជាង១១យប់ រូបគាត់បានធ្វើដំណើរ តាមរថយន្តចេញពីទួលក្រសាំងមកផ្ទះ ហើយមុនចេញដំណើរបានទូរស័ព្ទប្រាប់ប្រពន្ធអោយចាំបើកទ្វារផ្ទះ តែប្រពន្ធប្រាប់ថា មានមនុស្សប្រុសម្នាក់ដើរបាញ់កាំភ្លើងតាមផ្លូវ នៅជិតផ្ទះរបស់គាត់ ។ លុះរូបគាត់មកជិតដល់ផ្លូវចូលបុរីខាងលើ ក៏ឈប់រថយន្តចុះចូលទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍និរោធ រួចបានបើករថយន្តមកដល់មុខផ្ទះ១១B ផ្លូ៦៦៦A ស្រាប់តែខ្មាន់កាំភ្លើង រូបនោះបានស្រែកសួរគាត់ថា “ហ៊ែងទៅណា” ថែមទាំងអាមេកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) ថែមទៀតហើយដើរទៅដើរមក ឃើញសភាពមិនស្រួល គាត់ក៏បើករថយន្តថយក្រោយត្រលប់ទៅប៉ុស្តិ៍នគរបាលនិរោធវិញរាយការណ៍ ប្រាប់ឲ្យសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ភ្លាមៗកម្លាំងសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនជនសង្ស័យដែលជាខ្មាន់កាំភ្លើងរូបនោះ មកសួរនាំនៅប៉ុស្តិនិរោធ និងបញ្ជួនទៅអធិការខណ្ឌច្បារអំពៅបន្ត ៕