មន្ត្រីយោធាម្នាក់គ្រាន់តែរឿងចតឡានវាយគេអោយរបួសរួចដកកាំភ្លើងខ្លីបាញ់គំរាម២គ្រាប់
ភ្នំពេញ៖ ទាស់សម្ដីគ្នារឿងកន្លែងចតរថយន្តធ្វើឲ្យមន្ត្រីយោធាម្នាក់អាងអំណាច វាយជនរងគ្រោះអោយរបួសហើយដកកាំភ្លើងខ្លីបាញ់គំរាម២គ្រាប់ទៀតបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុ និងភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះទៅឃាត់ខ្លួនយកមកសួរនាំកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលដកកាំភ្លើងបាញ់នេះមានឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AA-4485 ដកហូតកាំភ្លើងខ្លី ម៉ាករ៉ូឡូមួយដើម។ ជនបង្កម្នាក់ទៀត ឈ្មោះ សួន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីម្ខាងទៀត ដែលរងគ្រោះមានឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រាចកោះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ជាអ្នកបើកបរ រថយន្តសាំយ៉ុងពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2U-3390 រងរបួសពេញមុខ និងបែកក្បាល។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះ បើករថយន្តសាំយ៉ុង ដឹកជនជាតិចិនមានស្រី មានប្រុស ជាង១០នាក់ មកចូលហាងក្បែរកន្លែងកើតហេតុ រួចបើករថយន្តមកចតនៅម្ខាងផ្លូវ។ ស្របពេលនោះ បុរសបង្កហេតុបានបើករថយន្តម៉ាកហាយឡែនឌ័រ បានមកចតនៅទីនោះដែរ ហើយប្រាប់ទៅអ្នកបើករថយន្តសាំយ៉ុងថា ឲ្យថយក្រោយបន្តិចពីព្រោះកន្លែងដែលចតនេះ ជាចំណតគាត់ជាយូរឆ្នាំមកហើយ ខណៈនោះក៏ចាប់ផ្តើមនូវការប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងខ្លាំង ក្លាយជាផ្ទុះហិង្សា ដោយមានបុរសម្នាក់ទៀត ជាអ្នករត់កង់បី ស្គាល់គ្នាជាមួយបុរសម្ចាស់រថយន្តហាយឡែនឌ័រ ក៏បានចូលរួមព្រួតវាយ ភាគីខាងរថយន្តសាំយ៉ុងរបួសផ្ទៃមុខ និងបែកក្បាលហូរឈាមជោគខ្លួន ហើយបុរសជាមន្ត្រីយោធា បានដកកាំភ្លើងបាញ់គំរាមចំនួន២គ្រាប់បន្ថែមទៀត។
ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅជួយអន្តរាគមន៍ និងបានឃាត់ខ្លួនជនបង្កការបាញ់បោះសេរី យកទៅធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕