ខ្លាចូលភូមិខាំសត្វគោងាប់១ក្បាលនៅស្រុកសំឡូត
បាត់ដំបង៖ សត្វគោឈ្មោលអ្នកភូមិ១ក្បាល ត្រូវបានគេប្រទះឃើញដេកងាប់នៅកន្លែងដែលម្ចាស់ចងកាលពីល្ងាចនិងមានស្នាមចង្កូមធ្វើអោយប្រជាពលរដ្ឋសង្ស័យថា អាចជាសត្វខ្លាខាំធ្វើឲ្យពួកគាត់នាំគ្នាព្រួយបារម្មណ៍
ហេតុការណ៍នេះប្រពលរដ្ឋបានសន្និដ្ឋានថា កើតឡើងប្រហែលជាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨ នៅភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ដែលម្ចាស់មានឈ្មោះ ស៊ុន ភាព អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ប្រជាពលរដ្ឋបានអោយថា ប្រមាណជា២ឆ្នាំមុន ក៏មានរឿងហេតុសត្វខាចូលភូមិម្តងរួចមកហើយ ប៉ុន្តែវាមិនបានប៉ះពាល់ទៅលើជីវិតសត្វ ឬមនុស្ស នោះទេ ដោយឡែកលើកនេះ ខ្លា បានខាំសម្លាប់សត្វគោ១ក្បាល ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការភ័យខ្លាចគ្រប់ៗគ្នា។
ពលរដ្ឋបានបន្តថា បច្ចុប្បន្នតំបន់ភូមិស្ទឹងតូចស្ថិតនៅជាប់និងកូនភ្នំ ដែលតភ្ជាប់ទៅនិង ជួរភ្នំក្រវាញ ដូច្នេះហើយទើបសត្វខ្លាដំបងអាចរស់នៅក្នុងតំបន់ជើងភ្នំ ព្រោះថ្មីៗនេះក៏មានគេប្រទះឃើញដានជើងសត្វខ្លានៅក្នុងចម្ការពោតដែរដែលនៅក្បែរជើងភ្នំនោះ ។
ប្រធានប្រជាការពារភូមិមួយរូប ឈ្មោះ វី បានអះអាងថា ហេតុដែលខ្លាវាមិនបានស៊ីគោជាចំណី ព្រោះទំនងក្រោយពេលវាខាំរួច ចំពេល ខនសឺត នៅតំបន់ក្បែនោះត្រូវបានបញ្ចប់ ហើយក៏មាន ឡាន ម៉ូតូ បើកព្រោងព្រាតអាចធ្វើឲ្យសត្វខ្លាផ្អើលទើបគេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានសន្និដ្ឋានថា អាចមកពីសត្វខ្លាដំបងខាំបន្ទាប់មកក៏បាន ណែរនាំ អោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះសត្វខ្លានេះជាពិសេសនៅពេលយប់៕