អាសូរណាស់!បុរសម្នាក់ជិតដល់ថ្ងៃចូលរោងការជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលគួរដណ្ដឹង
ភ្នំពេញ៖ គួរឲ្យសង្វេកណាស់ នារីវ័យក្មេងម្នាក់យំសោកអោបសពគូរដណ្ដឹងរបស់ខ្លួនដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់៖ ហេតុការណ៍គួរឲ្យរន្ធត់ចិត្តនេះបានកើតឡើងកាលពីវេលាម៉ោង០១និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ នៅចំណុចក្បែស្ពានដែកចំការដូង ផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ គ្រូបុក្តាតោ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ មានគូរដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GN-7388 ឌុបមិត្តភ័ក្ត្រម្នាក់ទៀត ពីក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែទាក់ដៃចង្កូតជាមួយរុឺម៉កបណ្ដាលឲ្យដួលម៉ូតូ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងមកពីក្រោយបានកិនចំក្បាលជនរងគ្រោះបែកធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកមិត្តភ័ក្ត្រម្នាក់ទៀតអង្គុយខាងក្រោយសន្លប់មួយសន្ទុះទើបដឹងខ្លួន។ ដោយឡែកម៉ូតូរឺម៉កនិងរថយន្តបន្ទាប់ពីកើតហេតុបាននាំគ្នាបើករត់បាត់ស្រមោលអស់ ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករងចាំក្រុមគ្រួសារយកឯកសារប្រគល់ឲ្យវិញ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕