រថយន្តតូរីសបុកជាមួយម៉ូតូរុឺម៉កនិងម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់រងរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ៖ បុរសអ្នកបើកម៉ូតូរុឺម៉កម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់ស្រាល ខណៈដែលបុរសរងគ្រោះបើករុឺម៉កដាច់កង់រេចង្កូតទៅបុកជាមួយរថយន្តទូរីស ហើយរថយន្តទូរីសបួងចង្កូតទៅបុកម៉ូតូមួយទៀត ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ នៅចំណុចក្បែរវត្តកំពែងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញប្តីប្រពន្ធនឹងកូនមានគ្នា៣នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅឌុបគ្នា ធ្វើដំណើរស្របគ្នាជាមួយរថយន្តតូរីស ទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវទួលពង្រឆ្ពោះទៅផ្លូវវេងស្រេង ខណៈមកដល់ចំណុចកើតហេតុ មានបុរសម្នាក់រងគ្រោះជិះម៉ូតូអូសរុឺម៉កបើកយ៉ាងលឿនទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តតូរីស ពេលនោះម៉ូតូរុឺម៉កបានវ៉ារថយន្តផ្សេងក៏ដាច់កងម្ខាងទាញចូលជ្រុលទៅបុកចំក្បាលរថយន្តតូរីសទំហឹងបណ្តាលអោយ ម្ចាស់រុឺម៉ករងរបួសធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអាធម៌ ចំណែករថយន្តបានបួងចង្កូតគេចជ្រុលបុកម៉ូតូមួយគ្រឿងដែលជិះដោយប្តីប្រពន្ធនឹងកូន បណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង៣នាក់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ឬឯសម្ភារដូចជារថយន្តនឹងម៉ូតូ,ម៉ូតូអូសរុឺម៉ករងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនឹងបានសម្រួលចរាចរហើយទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែងអូសយកសម្ភារនឹងតៃកុងរថយន្តតូរីស ទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវទំនាកទំនងទៅសាច់ញាតិរួចធ្វើកំណត់ហេតុប្រគល់អោយទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕