ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលបុករុឺម៉កកង់បីពីក្រោយស្លាប់
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងនារីម្នាក់ទៀតរបួសធ្ងន់ ខណៈដែលយុវជនរងគ្រោះជិះម៉ូតូឌុបគ្នាជាមួយនារីម្នាក់ទៀទក្នុងល្បឿនលឿនមិនបានប្រុងប្រយត្ន័ជ្រុលទៅបុករុឺម៉កកង់បីចំពីក្រោយពេញទំហឹង
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រឈានចូលទី២៤ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចមុខហាង ចិន ម៉ៅ កឺ ភូមិក្បាលដំរី ២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព) មានឈ្មោះ ចឹក សារ៉ុម ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិ អំពិលក្តារ ឃុំ វាល់ពន់ ស្រុក ថ្ពង់ ខេត្តកំពង់ស្ពឺ
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញយុវជនរងគ្រោះជិះម៉ូតូម៉ូតូម៉ាកសង់ប៊ិចពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BF-9818 ឌុបគ្នាជាមួយយុវតី រងគ្រោះខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ហើយក៏ឃើញមានយុវជនមួយក្រុមជិះម៉ូតូ២គ្រឿង មិនចាំម៉ាកមានគ្នា៤នាក់ មកពីក្រោយទំនងដេញវ៉ៃគ្នាហើយយុវជនរងគ្រោះ ភ័យបើករត់គេច វ៉ាកង់បីមួយគ្រឿងហើយក៏ជ្រុលទៅបុករ៉ឺម៉កកង់ បីមួយគ្រឿងទៀត ពីក្រោយបណ្ដាលឲ្យក្រឡប់កង់បីនិងដួលម៉ូតូរងរបួសនារីម្នាក់ដែលជិះជាមួយសន្លប់ស្ដូកស្ដឹង ចំណែកអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ឃើញដូច្នោះម្ចាស់កង់បីលើកង់បីឡើងហើយក៏ជិះគេចខ្លួនបាត់ ស្រមោល ឯនារីដែលជិះជាមួយជនរងគ្រោះ បានដឹងខ្លួនឡើងរួចគេចចេញពីកន្លែងកើតហេតុ បាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៏មកវាស់វែងយកម៉ូតូទៅរក្សាទុករងចាំយកឯកសារមកពិនិត្យនិងប្រគល់អោយក្រុមគ្រួសារវិញរួចធ្វើកំណត់ ហេតុប្រគល់សពជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕