ផ្អើលពេញបណ្ដាញសង្គម ហ្វេសប៊ុក ខណៈដែល កញ្ញា ទេព បូព្រឹក តារាចម្រៀងដ៏ល្បីត្រូវយុវជនម្នាក់យកកំប៉ុងស្រាបៀរគប់
ភ្នំពេញ៖ តារាចំរៀងល្បីឈ្មោះកញ្ញា ទេព បូព្រឹក ត្រូវបានយុវជនម្នាក់ដែលគេសង្ស័យថាជាសាច់ ម្ចាស់ហាងបានយកកំប៉ុងស្រាបៀរគប់ ខណៈដែលកញ្ញា កំពុងច្រៀងក្នុងកម្មពិធីមួយនៅភោជ្ជនីយ៍ដ្ឋាន យី ហោ(សមុទ្រ ) ធ្វើឲ្យនាងខឹងយ៉ាងខ្លាំងនិងតូចចិត្តបានស្រែកទ្រហូរយំ ឡាយ ហ្វេសប៊ុក រៀបរាប់ពីការឈឺចាប់ ផ្អើលដល់សមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មាន ៖ ហេតុការណ៍ភ្ញាក់ផ្អើលគក្រើកហ្វេសប៊ុកនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភោជ្ជនីយ៍ដ្ឋាន ( សមុទ្រ ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បានឲ្យដឹងថា កញ្ញាបានមកភោជ្ជនីយ៍ដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត តែពេលកញ្ញាមកដល់ម៉ោង៩ និង៥០នាទី ដោយកញ្ញាត្រូវច្រៀងគឺម៉ោង១០តែម្ចាស់ហាងខឹងមិននិយាយអី ។ ខណះនៅពេល កើតហេតុ កញ្ញាកំពុងតែច្រៀងស្រាប់តែមានយុវជនម្នាក់ ដោយសង្ស័យជាកូនម្ចាស់ហាង ឬជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តង និងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់យ៉ាងខ្លាំងរួចហើយយុវជននិងបក្ខពួកបន្ទាប់ពីបង្កហេតុបាននាំគ្នាគេចខ្លួនបាត់ពីកន្លែងបាត់អស់ ។
ជាមួយគ្នានោះ លោក DJ ដេវីត ដែលជាគូរស្នេហ៍របស់កញ្ញា ទេព បូព្រឹក និងជាតារាចម្រៀង រេប ប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោកDJដេវីត បានស្នើរសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី ។ ហើយចំពោះករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ ភាគីបង្កបានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នានៅកន្លែងកើតហេតុបាននោះទេ ។ បន្ទាប់មក កញ្ញា ទេព បូព្រឹក ត្រូវបានលោក DJ ដេវីត យករថយន្តស៊េរីទំនើបមកដឹកចេញពីកន្លែងហេតុផងដែរ៕