ជិះម៉ូតូលឿនមិនប្រយត្ន័បុកបង្កាន់ស្ពានអាកាសស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ពេលបញ្ចូនទៅមន្ទីពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជិន រតនា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ រីឯបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅកាន់មន្ទីពេទ្យ តែមិនស្គាល់អត្តសញ្ញាណនោះទេ ។ ដោយពួកគេទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកស្កុបពី ពាណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GN- 9405 ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសរងគ្រោះ២នាក់ខាងលើបានជិះម៉ូតូឌុបគ្នា ទិសដៅពីជើងទៅត្បូង រួចឡើងលើស្ពានអាកាសស្ទឹងមានជ័យ ដោយសង្ស័យពួកគាត់ស្រវឹង និងបើកបរលឿនផង ក៏បានរេចង្កូតទៅទាក់បង្កាន់ដៃស្ពានអាកាសបណ្ដាលឲ្យដួលអូសជាង២០ម៉ែត្រ រងរបួសធ្ងន់ធ្ងរទាំង២នាក់ និងត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីពេទ្យ តែបានពាក់កណ្ដាលផ្លូវ មានជនរងគ្រោះម្នាក់បានដាច់ខ្យល់ស្លាប់នៅលើរថយន្ត រីឯម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ រង់ចាំយកឯកសារមកប្រគល់ឲ្យវិញ៕