Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ក្មេងសិស្សសាលាជិត២០០នាក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់សង្ស័យពុលអាហារ

បន្ទាយមានជ័៖ សិស្សចំនួន១៤២នាក់រៀននៅ សាលា បឋមសិក្សាប៉ោយសំរោង ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យបង្អែកស្រុកដើម្បីជួយសង្គ្រោះបន្ទាន់ បន្ទាប់ពី ពួកគេមានអាគារៈទន់ដៃជើង ក្អួតចង្អោរ និងឈឺពោះខ្លាំង សង្ស័យថា ពុលអាហារ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨៖១២នាទី យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិប៉ោយ សំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក វ៉ាត់ វង់ នាយកសាលាបឋមសិក្សាប៉ោយ សំរោង បាននិយាយថា នៅរសៀលថ្ងៃទី១១ខែមករា ឆ្នាំ២០១៨ ជនជាតិកូរ៉េមួយក្រុម ដែលកាន់សាសនាគ្រិស្ទបានចូលមកក្នុងសាលាដើម្បីសុំផ្សព្វផ្សាយ សាសនា។ នៅក្នុងនោះក្រុមជនជាតិកូរ៉េ ក៏មានពិធី ល្បែងកម្សាន្ត​ជាច្រើនសម្រាប់ពួកក្មេងៗ រួមទាំងចែកស្ករគ្រាប់ បាយកញ្ចប់ ទឹកសុទ្ធ និងអាវយឺត។ ក្រោយពីចប់ការលេងល្បែងកម្សាន្ត​ក៏នាំគ្នាញ៉ាំអាហាររួមគ្នាទាំងសិស្ស គ្រូ និងក្រុមជនជាតិកូរ៉េ។

លោក វ៉ាត់ វង់ បន្តថា ក្រោយពីញ៉ាំអាហាររួចក្មេងៗមួយចំនួន ក៏មានអាការៈទន់ដៃជើង ក្អួតចង្អោរ និងឈឺពោះ រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោក ស៊ិន រ៉ាស៊ី មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះ បានឲ្យ​ដឹងថា គិតមកទល់ម៉ោង៨៖១២នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្មេងៗដែលទទួលការជួយសង្គ្រោះ គឺមានចំនួន១៤២នាក់ ក្នុងនោះប្រុស៦៣នាក់។ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្មេងៗចំនួន៩០នាក់ បានធូរស្រាល និងវិលត្រឡប់មកផ្ទះវិញហើយនៅសល់៥២នាក់ទៀតនៅបន្តព្យាបាលនៅឡើយ។

ជុំវិញករណីក្មេងៗដែលសង្ស័យថា ពុលអាហារទាំង១៤២នាក់នេះ ក្រុមគ្រូពេទ្យមិនទាន់បានធ្វើការបញ្ជាក់ណាមួយពីការពុលនេះទេ តែជំហានដំបូងសន្និដ្ឋានថា អាចបណ្តាលមកពីអាហារនិងស្ករគ្រាប់៕