រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ»
ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ថ្មីៗនេះ ក្រោយពីផ្ទុះរឿងចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook ។
ក្នុងការប្រកាសបិទមន្ទីរពេទ្យខាងលើនេះ បន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចាត់ក្រុមការងារចុះទៅពិនិត្យនិងស្រាវជ្រាវ ក្រោយទទួលដំណឹងពីករណីនារីម្នាក់ ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យវ៉ិចតូរៀ ហើយខាងមន្ទីរពេទ្យបង្ខំនារីនោះឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល ដោយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិតនៅផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សូមបញ្ចាក់ថា ដំបូងនៃរឿងហេតុនោះគឺ នារីម្នាក់ បានទៅមន្ទីរពេទ្យអន្តរជាតិវ៉ិតូរៀ ជាមួយម្ដាយ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី។ បន្ទាប់ពីបានពិនិត្យរួច ស្រាប់តែខាងមន្ទីរពេទ្យ បានប្រាប់ឲ្យនារីរងគ្រោះត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់។ ភ្លាមៗនោះនារីរងគ្រោះ បាននិយាយថា ខ្លួនគ្មានប្រាក់ទេ បានសុំចេញទៅក្រៅវិញ ថែមទាំងសុំអង្វរទៀត តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះខាងលើ ត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ហើយថែមទាំងមិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង។ ភ្លាមៗនោះខាងមន្ទីរពេទ្យ បានយកក្រដាស១សន្លឹក មិនដឹងថា ជាសរសេរអ្វីខ្លះនោះទេ បានឲ្យម្ដាយរបស់នារីរងគ្រោះ ផ្ដិតមេដៃ។ លុះក្រោយធ្វើការវះកាត់រួច ខាងមន្ទីរពេទ្យបានយកវិក្កយបត្របង់ថ្លៃវះកាត់មកឲ្យគាត់ ដោយអស់ប្រាក់ចំនួន២,០០០ដុល្លារ ថ្លៃពិនិត្យ១០ដុល្លារ ថ្លៃពិសោធន៍៤៦ដុល្លារ ហើយការវះកាត់នេះ មិនទាន់ដឹងថាជាជំងឺអ្វីឲ្យប្រាកដនោះទេ។
ភ្លាមៗនោះម្ដាយរបស់នារីរងគ្រោះ គាត់មានប្រាក់តែ៦០០ដុល្លារទេ សល់ប៉ុន្មានគាត់សុំរំលួស ម្ដង១០០ដុល្លារ តែករណីនេះខាងមន្ទីរពេទ្យមិនព្រមទេ ទាល់តែមាន៥០០ដុល្លារទៀត។ ភ្លាមៗនោះទ្វាររបស់មន្ទីរពេទ្យ ក៏ត្រូវសន្តិសុខ យកច្រវាក់មកចាក់ទ្វារមិនឲ្យក្រុមគ្រួសាររបស់គាត់ចេញឡើយ។
ក្រោយការវះកាត់ នារីរងគ្រោះបានមានអាការៈឈឺចុកចាប់ខ្លាំង ត្រូវក្រុមគ្រួសារហៅម៉ូតូកង់បី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋវិញ និងករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មានចុះទៅធ្វើការផ្សាយផ្ទាក់ព្រោងព្រាតផងដែរ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបងប្អូនអ្នកលេងហ្វេសបុកយ៉ាងខ្លាំងតែម្ដង៕