ជនសង្ស័យចាប់ជំរិតសិស្សសាលាវិទ្យាល័យឫស្សីកែវសមត្ថកិច្ចចាប់បានហើយ
ភ្នំពេញ ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃសហការជាមួយការិយាល័យកម្រិតធ្ងន់ក្រុង អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងអធិការក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចាប់ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់កើតឡើងកាលពី២ខែមុន ជនសង្ស័យបានសារភាពពីសកម្មភាពពីដើមរហូតដល់ចប់ ។
ប្រតិបត្តិការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧នឹង១៥នាទី នៅចំណុចផ្ទះសំណាក់ដារ៉ាវង្ស ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ស្រេង បូរី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុនមិនពិតប្រាកដ ។ចំណែកជនរងគ្រោះ ឈ្មោះ ឈុន សុវណ្ណារ័ត្ន អាយុ១៣ឆ្នាំជាសិស្សសាលាវិទ្យាឫស្សីកែវ ថ្នាក់ទី៨ស្នាក់នៅជាមួយម្តាយឈ្មោះឱកសុភីអាយុ៥០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៧អឹមផ្លូវលំ ក្រុម៤សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ទូរសព្ទ័ដៃចំនួន២គ្រឿង ម៉ាកអាយហ្វូន៧មួយគ្រឿងនិងអិនចុចពិលមួយគ្រឿង កាបូបខ្មៅមួយនិងកាតវីងមួយសន្លឹក ។
សមត្ថកិច្ចឱ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៧នឹង០០នាទីសិស្សឈ្មោះឈុន សុវណ្ណារ័ត្ន បានជិះរដយន្តក្រុងមករៀននៅសាលាវិទ្យាល័យឫស្សីកែវក៏បានបាត់ខ្លួនរហូតដល់ម៉ោង១២នឹង៤៧នាទី ក្នុងថ្ងៃខែឆ្នាំដដែលក៏មានជនសង្ស័យម្នាក់ប្រើលេខទូរស័ព្ទ0968728255 តេមកប្រាប់ក្រុមគ្រួសារជនរងគ្រោះថា បើចង់ឱ្យកូនត្រលប់ទៅផ្ទះវិញផ្ញើលុយ២០០០$មកឱ្យខ្លួន បើមិនបានទេចាំមើលខ្លួននឹងសម្លាប់កូននោះបណ្តែតទឹក បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ ក៏បានធ្វើការតថ្លៃគ្នាតាមលេខទូរស័ព្ទរហូតនៅសល់តែ៥០០$ លុះរហូតមកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៦នឹង០០នាទី ជនរងគ្រោះបានផ្ញើលុយតាមវីងចំនួន៥០០$ទៅឱ្យជនសង្ស័យ បានមួយសន្ទុះជនសង្ស័យបានទារប្រាក់២០០$បន្ថែមទៀត តែជនរងគ្រោះបានសុំឱ្យ៥០$ ។
ប្រភពបន្តថា បន្ទាប់មកជនសង្ស័យបានឱ្យជនរងគ្រោះផ្ញើ៥០$ទៅឱ្យជនសង្ស័យបន្ថែមទៀត ក្រោយពីជនរងគ្រោះបានផ្ញើលុយទៅបាន៣០នាទី ក្រោយក៍ឃើញកូនរបស់ខ្លួនវិលមកផ្ទះវិញរួចក៏ដាក់ពាក្យបណ្តឹងនៅអធិការខណ្ឌឫស្សីកែវ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយកុមាររងគ្រោះ លោក កែវសុធាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញអធិការដ្ឋានខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ក៏សហការជាមួយសមត្ថកិច្ចនាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃ ការិយាល័យកម្រិតធ្ងន់ក្រុង និងអធិការនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩តែម្តង ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនឈ្មោះស្រេងបុរីអាយុ ២៤ ឆ្នាំ ខ្លួនធ្លាប់ជាប់គុកជាង ១ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ )ហើយនៅឆ្នាំ ២០១៧ខ្លួនក៏បានបន្លំខ្លួនចេញពីគុក ព្រៃស ។
ដោយគ្មានលុយចាយក៏បែកគំនិត លួងលោមក្មេង ដើម្បីចាប់ជំរិតទារប្រាក់ ។
ជនសង្ស័យបានសារភាពទៀតថាកាលពីថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ ២០១៨ ខ្លួនបានទៅអង្គុយចាំរថយន្តក្រុងនៅមុខមជ្ឈមណ្ឌលម៉ុឌែន ៥ភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ ក៏ឃើញកុមាររងគ្រោះបានទៅអង្គុយជាមួយខ្លួនក៏ធ្វើការលួងលោមដោយយល់ថាកុមាររងគ្រោះស្លូតហើយក៏ហៅទៅដើរលេងកន្លែងស្ទូចត្រី ។ពេលលួងលោមនាំកុមាររងគ្រោះបានហើយ ក៏ទៅផ្ទះសំណាក់មួយ នៅជិតស្ពានលីយ៉ុងផាត់សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រួចហើយក៏ធ្វើការ ទូរសព្ទ័ទៅឪពុកម្តាយជនរងគ្រោះទារប្រាក់ចំនួន ២ពាន់ដុល្លារប៉ុន្តែក្រោយមកក៏តថ្លៃគ្នានៅសល់៥០០ដុល្លារ ដេកមួយយប់ ពេលឪពុកម្តាយជនរងគ្រោះវេលុយចំនួន ៥០០ ដុល្លារតាមវីង រួចហើយខ្លួនមិនទាន់ដោះលែងជនរងគ្រោះភ្លាមៗទេហើយខ្លួនក៏ទារលុយ ២០០ ដុល្លារទៀត បើមិនអោយខ្លួននឹងសម្លាប់ក្មេងនោះបណ្តែតទឹក ប៉ុន្តែក្រោយមកក៏តថ្លៃគ្នានៅសល់ ៥០ដុល្លា ក៏ព្រមទទួលយកលុយចំនួន ៥០ដុល្លារបន្ថែមទៀតទើបដោះលែងក្មេងនោះ ។
ជនសង្ស័យបានសារភាពថាខ្លួនមិនបានធ្វើបាបជនរងគ្រោះទេហើយពីមុនក៏ខ្លួនមិនដែលប្រព្រឹត្តអំពើដូច្នេះដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕