Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រុមហ៊ុន អឿន សុវណ្ណ លួចកាប់បំផ្លាញព្រៃឈើ នៅស្រុកឆែប និងស្រុកជយ័សែន​ ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ យោងតាមប្រភពពីមន្ត្រី​អាជ្ញាធរ​​ និងសមត្ថកិច្ចមូលដ្ឋាន​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន អឿន​ សុវណ្ណ មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ ឈើ​ពី​ក្រុមហ៊ុន​ ដីសម្បទាន​សេដ្ឋកិច្ច​ ដែល​មាន​ទំហំ​ជាង​៤០០០​ហិកតា​នៅក្នុង​ស្រុក​ឆែប និងស្រុកជ័យសែន ប្រភពប្រជាសហគមន៍ និងអង្គការការពារបរិស្ថាន បានឲ្យដឹងថា ក្នុង​ដី​សម្បទាន​នោះ​ គ្មាន​ព្រៃឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ប៉ុន្តែក្រុមហ៊ុន អឿន ​សុវណ្ណ បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ចាស់​ បានបញ្ជុះបញ្ជូល ប្រជាពលរដ្ឋ​ ចូលទៅកាប់ក្នុងព្រៃដែនអភិរក្សព្រះ​រកា ហើយ​ដឹកជញ្ជូន​ចូលមក​ទីតាំង​ក្រុមហ៊ុន​របស់ខ្លួន​ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​។

ទង្វើរបស់ក្រុមហ៊ុន អឿន​ សុវណ្ណ នេះត្រូវបានប្រជាសហគមន៍ការពារព្រៃឈើ រស់នៅស្រុកឆែប និងស្រុកជយ័សែន មានការឃុបឃិតជាប្រព័ន្ធពីថ្នាក់ខេត្ត ​ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម និង​មេ​រដ្ឋបាល​ព្រៃផងដែរ​ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​មកដល់សព្វថ្ងៃនេះ។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​មួយរយៈ​ចុង​ក្រោយនេះ​ក្រុមហ៊ុន​ អឿន​ សុវណ្ណ កំពុង​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ ​និង​ពីក្រុមជនល្មើសដែលចូលទៅកាប់ដឹកជញ្ជួនពី​ព្រៃ​ព្រះ​រកា កាន់តែ​ច្រើនឡើងៗ​ នៅពេល​ប្រមូល​ទិញ​បាន​ច្រើន​ ក្រុមហ៊ុន អឿន​ សុវណ្ណ បាន​អារច្រៀក​រួច​ដឹករួចដឹកជញ្ជូនទៅចែកចាយតាមដេប៉ូ និងតាមបណ្ដាខេត្ត ដូចជា​ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ យ៉ាង​សុខ​ស្រួល​។

អាជ្ញាធរជំនាញខេត្តព្រះវិហារ ធ្វើមិនដឹងមិនខ្វល់ពីសម្បត្តិជាតិ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ រាប់សែនលានដុល្លារ ហើយ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​នាំគ្នា​សម្ងំ​ទទួលផល​ប្រយោជន៍​ ពី​ក្រុមហ៊ុន ​អឿន​ សុវណ្ណ ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​អោយតែបានលុយជាការស្រេច។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ សំអឿន​ សុវណ្ណ បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​ដែល​ពលរដ្ឋ​ចូលទៅ​កាប់​ដឹកជញ្ជូន​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង​រលូន​។
បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ដូចជាគ្មានបទបញ្ជាក្នុងការ​បង្ក្រាប​ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែលកំពុង​ក្លាយជា​រឿង​ចំរូងចំរះយ៉ាងក្តៅគគុគព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ឃុបឃិត​គ្នា​ឲ្យ​ក្រុមហ៊ុន​សំអឿន​ សុវណ្ណ បន្តសកម្មភាព​បំផ្លាញ​ព្រៃ​ព្រះ​រកា យ៉ាង​មហន្តរាយ​។

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និងឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជ្ញអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណះកម្មាបង្ក្រាបថ្នាក់ជាតិ ចុះពិនិត្យ និងស៊ើបអង្កេតមន្ត្រីក្រោមឱវាទ ដែល​ពាក់ពន្ធ័ឲ្យមានបទល្មើស ( ក្នុងភូមិសាស្ត្រខាងលើ )បើពុំនោះទេក្រុមមេឈ្មួញឧក្រិដ្ឋជន នៅតែឈ្លៀតឱកាស នៅ​តែ​បន្តសកម្មភាពធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្លើន និងកុំឲ្យនៅក្រៅសំណាញ់ច្បាប់ ៕