រន្ធត់ណាស់ ! បុរសរត់ម៉ូតូឌុបម្នាក់ត្រូវឃាត.កមិនស្គាល់មុខចាក់ជាច្រើនកាំបិតស្លាប់ក្នុងផ្ទះសំណាក់ ចន្ធូត្រជាក់ចិត្តប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិ
ភ្នំពេញ ៖ គួរឲ្យអាសូរ! បុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុប ត្រូវបានជនដៃដល់ជាឃាត.ក មិនស្គាល់មុខចាក់ជាច្រើនកាំបិតស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអណោចអធម៌ ប្លន់យកម៉ូតូទៅបាត់ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្ទះសំណាក់ យីហោ ចន្ធូ ត្រជាក់ចិត្ត ស្ថិតក្នុងភូមិឬស្សី២សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ រាជធានីភ្នំេញ។
បើតាមសម្ដីប្អូនថ្លៃប្រុស របស់ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា (សព) មានឈ្មោះ យ៉ាន់ ជឿន ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិព្រៃសំបូរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។ ចំណែកម៉ូតូបាត់បង់ម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-9986 ព្រមទាំងចញ្ចៀនមួយវង់ និងលុយក្នុងកាបូបមួយចំនួនទៀត ។
ប្អូនប្រុសជនរងគ្រោះបានឲ្យដឹងទៀតថា ជនរងគ្រោះគឺជាអ្នករត់ម៉ូតូឌុបនៅខេត្តតាកែវ យូរៗឡើងមកភ្នំពេញម្ដងដើម្បីយកអីវ៉ាន់ដាក់ឲ្យម៉ូយ ។ លុះនៅថ្ងៃកើតហេតុ បងប្អូន និងប្រពន្ធកូន មិនឃើញជនរងគ្រោះចូលផ្ទះដូចសព្វដង ។ ក្រោយមកក៏មានសមត្ថកិច្ចខលមកប្រាប់ថា ជនរងគ្រោះត្រូវបានគេចាក់សម្លាប់នៅក្នុងផ្ទះសំណាក់ស្លាប់បាត់ទៅហើយ។
ចំណែកឃាតករបានគេចខ្លួន និងយកម៉ូតូជនរងគ្រោះចញ្ចៀន លុយមួយចំនួនក្នុងកាបូប ចេញពីផ្ទះសំណាក់បាត់ស្រមោល ។
ដោយឡែកម្ចាស់ផ្ទះសំណាក់ ចន្ធូ ត្រជាក់ចិត្ត បានប្រាប់ថា ជនរងគ្រោះ និងឃាតករ (ប្រហែលជាស្គាល់គ្នា ) បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកសម្រាកក្នុងផ្ទះសំណាក់ នៅវេលាម៉ោង៥ល្ងាចនៅថ្ងៃកើតហេតុក្រោយមករំលងបានប្រហែល ២ម៉ោងម្ចាស់ផ្ទះសំណាក់ បានដើរមើលឃើញបន្ទប់កើត
ហេតុ បានចាក់សោរ ដោយមិនដឹងថាភ្ញៀវចេញពីពេលណា ទើបសម្រេចយកសោរចាក់ទ្វាមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើឥដ្ឋការ៉ូ សុទ្ធតែឈាម ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យបានចុះមកពិនិត្យដោយឃើញថា ជនរងគ្រោះត្រូវបានគេចាក់សម្លាប់ ពិតប្រាកដមែន ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាត់យកទៅធ្វើបុណ្យតាមពៃណី ។ ចំណែកជនដៃដល់ជាឃាត.កសមត្ថកិច្ចជំនាញនិងបន្តធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន ៕