Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

មេប៉េអឹមបញ្ជាឲ្យចុះធ្វើអធិការកិច្ចរឿងប៉េអឹមខេត្តព្រះសីហនុប្រើហិង្សាលើពលរដ្ឋទាំងដៃជាប់ចំណង

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីចុះធ្វើអធិការកិច្ចនូវបាតុភាពរបស់ក្រុមមន្ត្រីប៉េអឹមខេត្តព្រះសីហនុ ចុះអនុវត្តសាលដីការបស់តុលាការកំពូល ពាក់ព័ន្ធរឿងជម្លោះដីធ្លី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានការផ្ទុះអាវុធបណ្តាលឲ្យប្រជាពលរដ្ឋរងរបួស និងប្រើហិង្សាលើប្រជាពលរដ្ឋទាំងដៃជាប់ចំណង (ចងស្លាបសេក) និងបាតុភាពមួយចំនួន ដើម្បីស្វែងរកការពិតជាក់ស្តែង។
នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ សៅ សុខា។
រូបភាពវីដេអូមន្ត្រីប៉េអឹមខេត្តព្រះសីហនុ ចាប់ប្រជាពលរដ្ឋចងស្លាបសេក រួចយកជើងជាន់បន្ថែមទៀតនោះ ត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។
គណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផផ្ទៃប្រទេស គឺមានសមាសភាពចំនួន០៦រូប ក្នុងនោះមានប្រធានមួយរូប និងសមាជិកចំនួន០៥រូប។ គណៈកម្មការចំពោះកិច្ចនេះ ដឹកនាំដោយលោក សៅ ចន្ទគ្រឹស្នា នាយការិយាល័យអធិការកិច្ចស្តីទី ដឹកនាំចុះធ្វើអធិការកិច្ចបាតុភាពដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ហើយជួបជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលបានការពាក់ព័ន្ធ។ ចេញលិខិតអញ្ជើញនាយ នាយរង និងពលអាវុធហត្ថ ព្រមទាំងអ្នកដែលពាក់ព័ន្ធមកធ្វើការសាកសួរ បំភ្លឺ ដើម្បីស្រាវជ្រាវរកឲ្យឃើញការពិតជាក់ស្តែង។ គួរបញ្ជាក់ថា ពាក់ព័ន្ធការចុះចុះអនុវត្តសាលដីការបស់តុលាការកំពូល ពាក់ព័ន្ធរឿងជម្លោះដីធ្លី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺកម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ៣០០នាក់ ក្រោមការដឹកនាំបញ្ជារបបស់លោកសៀង សុខ ព្រះរាជអាជ្ញា ចុះអនុវត្តសាលដីកាចូលជាស្ថាពរលេខ ៣៤៨ “ឈ” ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋប្រមាណជា ២០០នាក់ ផ្ទុះការតវ៉ា ដុតកងឡាន ប្រើប្រាស់ដបសាំង ដុំថ្ម ប្រឆាំងតបតនឹងកម្លាំងសមត្ថកិច្ច និងមានការប្រតាយគ្នា បណ្តាលឲ្យសមត្ថកិច្ចរងងរបួសចំនួន៧នាក់ ជាហេតុធ្វើឲ្យសមត្ថកិច្ចផ្ទុះអាវុធបាញ់ឡើងលើប្រមាណជា២០គ្រាប់ បណ្តាលឲ្យប្រជាពលរដ្ឋរបួស (រត់បុកគ្នា) និងរបួសធ្ងន់ម្នាក់ ដោយត្រូវគ្រាប់កាំភ្លើង។ ហើយប្រជាពលរដ្ឋចំនួន៦នាក់ ត្រូវបានចាប់ខ្លួន។ ចំពោះប្រជាពលរដ្ឋដែលជាជនបង្កចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ណែនាំ និងបានដោះលែងឲ្យទៅលំនៅដ្ឋានវិញ ហើយអ្នករបួសស្រាលបានចេញពីមន្ទីរពេទ្យបង្អែកខេត្ត។ រីឯអ្នករងរបួសធ្ងន់ឈ្មោះ ពៅ សារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ៕