Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ម្ចាស់KVTយីហោម៉ាន់នីនៅផ្លូវ២០០៤កាប់និងកោភ្ញៀវមិនដាក់ទឹក!!១កេស២០$ដល់គិតលុយអស់ជាង៥០មុឺនរៀល

(ភ្នំពេញ)៖ យុវជន៣នាក់ចូលផឹកសុីក្នុងKaraoke KVT យីហោ ម៉ាន់នី ត្រូវម្ចាស់ហាងកាប់កោមិនដាក់ទឹកទើបភ្ញៀវឡូឡាផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យ
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅម៉ោង១១យប់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ត្រង់ចំណុចKTV យីហោ ម៉ាន់នី តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពី Karaoke យីហោ ម៉ាន់នី KTV មួយកន្លែងក្បែនោះ បានប្រើល្បិចឲ្យភ្ញៀវចូលផឹកសុី ដោយប្រាប់ថាតម្លៃធូថ្លៃ តែពេលគិតលុយ បែជាថ្លៃកប់ពពក ។
បើតាមសម្ដីយុវជន៣នាក់ ដែលជាអ្នកចូលផឹកសុីក្នុងហាង យីហោ ម៉ាន់នីKTVខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលមានរឿងនេះ គឺ ពួកគាត់បានធ្វើដំណើរតាមផ្លូវ២០០៤ ដោយគ្មានបំណងចង់ចូលផឹកសុីនោះទេ តែពេលពួកគាត់ជិះឌុបគ្នាមកដល់មុខហាងខាងលើ ក៏ត្រូវបានគេកាក់ម៉ូតូអោយឈប់ និងឲ្យចូលក្នុងហាងខារាអូខេ ដោយនិយាយប្រាប់តំលៃផឹកសុីធូរថ្លៃពេក ដោយមួយឈុត ស្រាបៀរគិតតែ២០ដុល្លារតែប៉ុណ្ណោះ និងហ្វ្រីមុខម្ហូប៤មុខទៀត ។ រួចពួកគាត់ក៏ចូលផឹកសុីនៅទីនោះទៅ ដោយមិនបានហៅរបស់ហូបថែម រឺក៏នារីមកអង្គុយក្បែរទេ។
យុវជនទាំង៣នាក់ខាងលើបានបន្តថា ដោយពួកគាត់កំពុងតែអង្គុយផឹក ឃើញមានម្ហូបគេលើកដាក់ឲ្យជាហូហែរទាំងមិនបានហៅ រួចពួកគាត់មានការសង្ស័យ ក៏ឲ្យគិតលុយ ត្រឹមស្រាបៀរកន្លះកេស ។ ដល់ពេលយកបុងមកមើល ស្រាប់តែអស់៥៨មុឺនរៀល វាលើពីអ្វីដែលបានប្រាប់មុន និងចូលផឹកសុីនោះ ។ ទើបធ្វើឲ្យពួកគេកើតទុកមិនសុខចិត្ត មានការតវ៉ាគ្នាទៅវិញទៅមក រហូតម្ចាស់ហាងបានយកម៉ូតូមួយគ្រឿងរបស់យុវជនទាំង៣នាក់ខាងលើ ទៅទុកក្នុងហាងតែម្ដង ។ បន្ទាប់មកក៏មានការឆោឡោឡើងផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចឃាត់អ្នកមើលការម្នាក់ និងយុវជនទាំង៣នាក់ខាងលើទៅកាន់ប៉ុស្តិ៍នគរបាល កាកាប១ ដើម្បីធ្វើការសួរនាំ ។
ក្រោយពីមានការសួរនាំពីសមត្ថកិច្ចមូលដ្ឋានរួចហើយនោះ ភាគីខាងម្ចាស់ខារាអូខេ យីហោ ម៉ាន់នីKTVខាងលើ សុំយកលុយពីយុវជនទាំង៣នាក់ខាងលើ ត្រឹមតែ២០$ ដើម្បីបញ្ចប់រឿងនៅក្នុងប៉ុស្ដិ៍តែម្ដង ។

សូមបញ្ចាក់ថា រឿងខារាអូខេនៅតាមផ្លូវ២០០៤តែងតែកោភ្ញៀវ គឺកើតមានឡើងស្ទើរតែរាល់ថ្ងៃហើយក៏ធ្លាប់មាន រឿងផ្ទុះហឹង្សាដាក់ភ្ញៀវផងដែរ ដូចនេះសូមបងប្អូនដែល មានបំណងចូលខារាអូខេម្តុំនេះសូមពិចារណាសិនមុន និងចូល ហើយក៏សូមឲ្យអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ ជួយ មានវិធានការរៀបចំសណ្ដាប់ធ្នាប់ទីកន្លែងនេះឲ្យបានល្អផង ដើម្បីសុខសុវត្ថភាពរបស់ប្រជាពលរដ្ឋ ៕