Friday, November 22, 2024
Latest:
សិល្បៈ​និង​វប្បធម៌

ខេមរៈ​ សិរីមន្ត​ លាតត្រដាងការពិតរឿងប្អូនស្រីលោកធ្លាក់​ខ្លួនឈឺរយៈពេល៤ឆ្នាំ

ភ្នំពេញ ៖​ តារាចម្រៀងល្បីឈ្មោះ​ លោកខេមរៈ​ សិរីមន្តចេញ​​មុខ​លាតត្រដាងការពិត​ រឿងប្អូន​ស្រីបង្កើតរបស់លោក កញ្ញា ខេមរៈ​សិរីមន្តពៅ​ ធ្លាក់ខ្លួនឈឺរយៈពេល៤ឆ្នាំ​បានធ្វើឲ្យមហាជន​ កាន់តែខ្លោចចិត្តអាណិតនាងមួយកម្រិតទៀត​ ខណៈ​ដែលដើមចមជំងឺដំបូងដែលធ្វើឲ្យនាងធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតែ​ ការធ្វើរោគវិនិច្ឆ័យ​ របស់គ្រូពេទ្យខុស​ ហើយអោយនាងលេបថ្នាំ​ រហូតដល់មានបញ្ហាធ្ងន់តិចម្តងៗ​ រហូតទៅបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ​ រយៈពេល៤ឆ្នាំ​ គិតមកដល់ពេលនេះ​ គឺនាងអត់ទ្រាំ​ ឈឺចាប់​ ខ្លោចផ្សារ​ ពិបាកទ្រាំណាស់​ ក្នុងការតស៊ូនិងជំងឺនានា​ រហូត​ដល់ថ្ងៃចុងបញ្ចប់នៃជីវិត។

លោក​ ខេមរៈសិរីមន្ត​ បានរៀបរាប់ទាំងទឹកភ្នែកថា​ ប្អូនស្រីលោក​មុនទទួលមរណៈភាព​ ស្ថានជំងឺហាក់បានធូរស្រាល​ច្រើនហើយ​ ទើបគ្រូពេទ្យនៅប្រទេសថៃ​ ចង់ឲ្យបញ្ចូននាងទៅវះកាត់ដូរគ្រឿងក្នុង​(ក្រលៀន)​នៅឥណ្ឌា​ តែជា​អកុសល​ពេលទៅដល់ទីនោះ​ មិនដូចការរំពឹងទុកនោះទេ​ ប្អូនស្រីលោកកើតជំងឺផ្កាសាយ​ ធ្វើឲ្យប៉ះពាល់ដល់ជំងឺចាស់រើឡើង​ ធ្វើឲ្យស្ថានភាពធ្លាក់ចុះជាថ្មីម្តងទៀត។ មុនពេលប្អូនស្រីរបស់លោកស្លាប់​ នាងបានតេមកលោក​ ហើយប្រាប់ថា​ “បងខ្ញុំទ្រាំទៀតលែងបានហើយ​ បើឆ្លងផុតខ្ញុំក៏សប្បាយចិត្ត​ តែបើមិនជាទេ​ ខ្ញុំចង់ប្រាប់បងថា​ ខ្ញុំស្រលាញ់បងប្រុសខ្លាំងណាស់​ បើអាចមានជាតិក្រោយ​ សុំធ្វើជាបងប្អូន​ ជាគ្រួសារតែមួយដូចពេលនេះទៀត​ (យំ)”។

លោក​ សិរីមន្ត​ បន្តទាំងក្តុកក្តួលថា​ សម្រាប់ថ្លៃចំណាយព្យាបាលប្អូនស្រី​ លោកចំណាយមិនកំណត់នោះទេ​ ឲ្យតែពេទ្យទាក់ទងមកគឺលោកចំណាយគ្រប់យ៉ាង​ សុំតែអោយប្អូនឆាប់ជា​ ជាមធ្យមក្នុងមួយខែ​ លោកត្រូវត្រៀមចន្លោះពី៦ពាន់ដុល្លារ-១ម៉ឺនដុល្លារ​ ឬខែខ្លះអាចចំណាយដល់​ ២ម៉ឺនដុល្លារ​ ដោយសារជំងឺធ្វើទុកជាដើម​ ដោយលោកចំណាយបែបនេះ​ រយៈពេល៤ឆ្នាំ​។ សុខចិត្តធ្វើគ្រប់យ៉ាងឲ្យតែសង្គ្រោះប្អូនស្រីបាន​ ចុងក្រោយនៅតែមិនអាចសង្គ្រោះបានដដែល​ ៕