សមត្ថកិច្ចចាប់ខ្លួន៦នាក់សង្ស័យឃាត.កសម្លាប់មនុស្សរឿងទំនាស់ដីធ្លី នៅខេត្តកំពត
ខេត្តកំពត៖ នៅល្ងាចថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋចំនួនជាង១០០នាក់ និង ក្រុមគ្រួសារសពលោក អ៊ួន វណ្ណា ដែលត្រូវបានឃាត.កសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ដែលបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ ក្រោយពីហេតុការកើតឡើងភ្លាមៗ ក្នុងនាមលោកជាសមត្ថកិច្ច បានធ្វើការស្រាវជ្រាវវែកមុខនិងឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មលើលោក អ៊ួន វណ្ណា បានចំនួន០៦នាក់ ។
ក្រោយពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេតបន្ទាប់ពីជនទាំង០៦នាក់ បានធ្វើសកម្មភាពជាបន្តបន្ទាប់នៅតំបន់ដីទំនាស់ដ៏រ៉ាំរ៉ៃ ដែលស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក លោកឧត្តមសេនីយ៍ស្នងការបានបន្តថា កន្លងមកជនទាំង០៦នាក់នេះ បានធ្លាប់ធ្វើសកម្មបង្កហឹង្សាដមកលើពលរដ្ឋតវ៉ាដីធ្លីខាងលើ មិនក្រោមពី១០ករណីនោះទេ ដែលមានពាក្យបណ្តឹងមកដល់ស្នងការដ្ឋាននគរបាលខេត្តកំពតរបស់លោក ក្នុងនាមលោកជាសមត្ថកិច្ចលោកមិនមែនប្រងើយកកន្តើយមិនដោះស្រាយនោះទេ គឺមកពីសមត្ថកិច្ចរបស់លោករកភស្តុតាងដាក់បន្ទុកលើជនសង្ស័យមិនទាន់បាន ក៏ប៉ុន្តែពេលនេះជនសង្ស័យមិនអាចគិចផុតពីសំណាញ់ច្បាប់បានទេ បន្ទាប់ពីធ្វើសកម្មភាពករណីឃាតកម្មហើយ ប៉ាក់ពួកជនដៃដល់ខាងលើ បានបន្ត ធ្វើសកម្មភាពរារ៉ាំងសាច់ញ្ញាតិជនរងគ្រោះមិនអោយដឹកសាកសពមកធ្វើបុណ្យតាមប្រពៃណី ដោយដៃជើងជនសង្ស័យខាងលើ ធ្វើសកម្មភាពយកឈើដាក់កាត់ផ្លូវមិនអោយគោយន្តកន្ត្រៃដឹកសាកសពចេញពីកន្លែងកើតហេតុយកមកធ្វើបុណ្យតាមប្រពៃណី ដោយទង្វើបែបនេះហើយ បានជាសមត្ថកិច្ចរបស់លោកកំណត់និងបានឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីឃាតកម្មខាងលើនេះ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ដើម្បីអោយរឹតតែច្បាស់បន្ថែមទៀតនោះ លោកបានអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំង១០០នាក់ជាង មកពិនិត្យមើលមុខសញ្ញាជនសង្ស័យទាំង០៦នាក់នេះ ថាតើពិតជាជនដែលជាប់ពាក់ព័ន្ធប្រើអំពើហឹង្សាកន្លងមកដែរឬអត់ ជនសង្ស័យទាំង០៦នាក់ខាងលើ គឺទី១ឈ្មោះ សឿន បុល ភេទប្រុស ទី២ឈ្មោះ មឿន វាសនាហៅខ្នា ភេទប្រុស ទី៣ឈ្មោះ ព្រីង ប់នួន ភេទប្រុស ទី៤ឈ្មោះ ង៉ែត ផុន ភេទប្រុស អ្នកទាំង៤រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ទី៥ឈ្មោះហៀន ចាន់ ហៅចាន់ស្រម៉ូម ភេទប្រុស ទី៦ឈ្មោះតូច សារុំ ភេទប្រុស ២នាក់នេះគឺរស់នៅភូមិកំពុកចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ចំពោះមុខសមត្ថកិច្ចប្រជាពលរដ្ឋជាង១០០នាក់បានបញ្ជាក់ថា ជនដែលឃាត់ខ្លួនទាំង០៦នាក់នេះ គឺជាកម្មករលោក អាំង ផល្លីន និងអ្នកស្រី ហ៊ាង សុគន្ធី ក្នុងចំណោមជនដៃដល់ គឺនៅមានមេការម្នាក់ទៀត ឈ្មោះ ចេក ជាបងប្អូនអ្នកស្រី ហ៊ាង សុគន្ធី កន្លងមកបានធ្វើសកម្មភាពយ៉ាងព្រៃផ្សៃ មកលើពួកគាត់ ព្រមទាំងកាប់បំផ្លាញដំពាំ ខ្ទមចំការ ផ្ទះសំបែង ដែលពួកគាត់រស់នៅអាស្រ័យផលនៅតំបន់ វាលវែង. វាលស្តៅ. ស្រែព្រៃ. ចំណោតផ្តាច់ប្រលឹង. ហើយកន្លងមកមានប្រជាពលរដ្ឋខ្លះទៀតធ្លាក់ខ្លួនពិការភាព គឺដោយសារជនបង្កខាងលើធ្វើសកម្មភាពវាយដំយ៉ាងធ្ងន់ធ្ងរ ដែលពួកគាត់មិនព្រមប្រគល់ដីរបស់ខ្លួនអោយទៅក្រុមឈ្មួញរៀបចំដីគឺលោកអាំង ផល្លីន អ្នកស្រីហ៊ាង សុគន្ធី ដែលស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
សូមរំលឹកថា ករណីឃាតកម្មកាលពីថ្ងៃទី៣១ ខែមករា កន្លងមកនេះ ជនរងគ្រោះគឺមានឈ្មោះ អ៊ួន វណ្ណា ភេទប្រុសអាយុ៤៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងនគរបាលបចេ្ចកទេសជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការនគរបាលស្រុកឈូក បានចុះដល់កន្លែងកើតហេតុនៅវេលាយប់ថ្ងៃដដែលហើយបានធ្វើការស្រាវជ្រាវ និងពិនិត្យកោសលវិច្ច័យរកឃើញថា៖ នៅលើសាកសព មានស្នាមរបួស បែកក្បាលពីក្រោយ ជាច្រើនកន្លែង និង រហែកមាត់ខាងឆ្វេងយ៉ាងអាណោច អាធម ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ប្រមាណជាង១០ម៉ោងក្រោយពីការពិនិត្យ គឺប្រហែល(ស្លាប់ព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩) នេះជាករណីឃាតកម្មដ៏ឃោឃៅបំផុតនៅតំបន់ដីទំនាស់ដាច់ស្រយ៉ាល ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ករណីឃាតកម្មខាងលើនេះ គឺជនរងគ្រោះស្នាក់នៅក្នុងចំការដីរបស់ខ្លួននៅតំបន់ស្រែព្រៃ ដែលជាដីទំនាស់ដ៏រ៉ាំរ៉ៃយូមកហើយ ដែលកន្លងមកពុំទាន់មានដំណោះស្រាយស្របច្បាប់នៅឡើយទេ៕