នោះ! តារាសម្ដែងមួយរូបសរសេរសារបង្ហោះនៅលើហ្វេសប៊ុករបស់លោកសម្ដែងការអស់ទំនុកចិត្តលើសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យទី១
ភ្នំពេញ ៖ តារាសម្ដែងមួយរូបដែលមានហ្វេសប៊ុកឈ្មោះChetra Thy បានសរសេរសារបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករៀបរាប់ថាខ្លួន ត្រូវបានចោរប្លន់ម៉ូតូមិនបានសម្រេច នៅចំណុចផ្លូវងងឹតមួយនៅម្ដុំស្ទឹងមានជ័យ តែយកបានកាបូប និងឯកសាររបស់លោកបានសម្រេច ដែលធ្វើអោយលោកបារម្ភពីរឿងចោរធ្វើស៊ី។
ហេតុការណ៍នោះ លោកក៍ត្រូវក្រុមចោរព្រួតវាយបម្រុងយកម៉ូតូនោះបានកេីតឡេីងនៅវេលាម៉ោង០៨និង១០នាទីយប់ ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុងជាប់វត្តស្ទឹងមានជ័យ បត់ចុះពីផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តារាសម្ដែងលោក ធី ចិត្រា ស្នាក់នៅបន្ទប់ផ្ទះជួល ក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណេីត ខេត្តព្រៃវែង បានថ្លែងបញ្ជាក់ថា ក្រោយពេលលោកបំបែកជួរពីកម្មវិធីហូបចុកតិចតួចជាមួយមិត្តភ័ក្ត្រ ហើយជិះត្រលប់ទៅផ្ទះនៅម្ដុំស្ទឹងមានជ័យ លោកក៍ច្រលំជិះកាត់ច្រកផ្លូវបេតុងមួយ ជាប់វត្តស្ទឹងមានជ័យ ហើយជិះទៅមុខមិនរួច ព្រោះតែគេធ្វើលូ ។ ក្នុងវេលាម៉ោងកេីតហេតុខាងលេីលោកថាមិនស្ងាត់ណាស់ណានោះទេ ក៏ឈប់ម៉ូតូឈរបត់ជើងតូច ប៉ុន្តែមិនបានប៉ុន្មានវិនាទីផង ស្រាប់តែក្រុមចោរ៣នាក់ចូលមកក្បែរលោក ហើយម្នាក់សួរថា អូនឯងយករបស់(ថ្នាំញៀន) មកមែន?
តារាសម្តែងរងគ្រោះបន្តថា លុះពេលឆ្លើយថា មិនមែនទេ ស្រាប់តែក្រុមជនសង្ស័យទាំង៣នាក់នោះ នាំគ្នាធ្វេីសកម្ម
ភាពប្រតាយប្រតប់ជាមួយលោកតែម្ដង និងជនសង្ស័យម្នាក់បានកញ្ឆក់យកកាបូបលុយរបស់លោក ហើយបានរេីសដុំថ្មមកវាយលោក ចំដៃបណ្ដាលឲ្យលោកហើមដៃ និងរបួសដោយអន្លើរ។ ពេលនោះលោកស្រែកឲ្យគេជួយ និងស្រែកឆោឡោឡេីង ទេីបក្រុមចោរក៍ស្ទុះរត់គេច ទុកម៉ូតូរបស់លោកវិញ រួចយកតែកាបូបលុយរបស់លោក ហេីយនាំគ្នារត់គេចបាត់ស្រមោលអស់។
ក្រោយមកលោកក៏បានរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ភ្លាមៗ ស្របពេលដែលនៅប៉ុស្តិ៍កំពុងរៀបចំកម្មវិធីជប់លៀង ប៉ុន្តែប៉ូលិសសូម្បីតែលោកសុំថតឯកសារបណ្ដឹង និងសុំថតសំលេងក្នុងពេលដាក់បណ្ដឹង ដើម្បីបញ្ជាក់ថា លោកពិតជាបានជូនដំណឹងដល់មន្ត្រីមានសមត្ថកិច្ច ក្រោយកើតហេតុផង តែបែរជាមិនត្រូវបានអនុញ្ញាតិ។
លោកថា ខ្លួនមិនស្ដាយលុយក្នុងកាបូបប្រមាណ ១៧០ដុល្លារនោះទេ ប៉ុន្តែលោកស្ដាយឯកសារមួយចំនួន ក្នុងកាបូប ពិសេសគឺកាតគ្រីម៉ូតូដែលលោកប្រាប់ថា ក្រុមចោរនឹងអាចធ្វើសុីប្រសិនបើពួកចោរសម្អាងថាខ្លួនមានកាតគ្រីដើមហើយ បែរជាមកចោទថា ម៉ូតូ Nex ពណ៍ស ២០១៨ ដែលលោកជិះប្រចាំថ្ងៃជាម៉ូតូទិញតពីចោរទៅវិញ។
ប៉ូលិសបានទាំងទាញទូរស័ព្ទរបស់លោកទៅត្រួតពិនិត្យក្រែងមានថតឯកសារ ដោយរូបប៉ូលិស ឬដោយសំលេងពេលសន្ទនាគ្នានោះផង។លោក ថាមិនមានជំនឿចិត្តក្រោយពេលប្ដឹងនោះ ខណៈដែលលោកកាន់តែមានអារម្មណ៍ភ័យឡើងខ្លាចក្រុមចោរធ្វើស៊ីទៅវិញថា លោកប្រើប្រាស់ម៉ូតូគ្មានឯកសារស្របច្បាប់ ឬម៉ូតូចោរ ហើយចោរដែលមានឯកសារក្នុងដៃក្លាយជាម្ចាស់ទៅវិញ៕