សមត្ថកិច្ចចាប់ខ្លួនមន្ត្រីយោធាម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់អាវុធខ្លី១ដេីម
ខេត្តកណ្តាល ៖ មន្ត្រីយោធាម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បេីកប្រតិបត្តិការធ្វេីការស្រាវជ្រាវ ឃាត់ខ្លួនបានហេីយ ដោយដកហូត ក្រាមពណ៍សថ្លា ២កញ្ចប់, អាវុធខ្លី ១ដើម ម៉ាកឡុុក (ចិន) បង់២ និងគ្រាប់មួយទៀត, បង់កាំភ្លើងវែង អឹមសី ១ និងគ្រាប់មួយចំនួន, និងរថយន្ត០១គ្រឿងទៀតផងដែរ។
ប្រតិបត្តិការនេះធ្វេីឡេីងវេលាម៉ោង០៨:១០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៩ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានចូលរួមសហការនឹងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ។
ជនសង្ស័យឈ្មោះ សូរិទ្ធី សត្យា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាម ពណ៌សថ្លា សង្សយ័ថាសារធាតុញៀន ចំនួន០២កញ្ចប់, ទូរសព្ទដៃ ០១គ្រឿង , អាវុធខ្លី០១ដើម ធន់ឡុុក (ចិន) បង់០២ និងគ្រាប់មួយទៀត, បង់កាំភ្លើងវែង អឹមសី ចំនួន០១ និងគ្រាប់មួយចំនួន, រថយន្ត០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរគ្រឿងញៀន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕