ជនសង្ស័យ៥នាក់ជាមុខសញ្ញាប្លន់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបាន
ភ្នំពេញ៖ ក្រុមជនសង្ស័យជាមុខសញ្ញាវាយ ប្លន់យកម៉ូតូប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ សារធារណៈ និងបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាននិងធ្វើឲ្យពលរដ្ឋភ័យខ្លាចនោះ
ឥឡូវត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក ជឹម សីថា ចុះប្រតិបត្តិការបង្ក្រាបចាប់ឃត់ខ្លួបានចំនួន៥នាក់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខសួនឧស្សាហ៍កម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ជឹម សីថា បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនបាន រួមមានទី១ ឈ្មោះ ស្រេង ថុនា ហៅគុជ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ទី២ ឈ្មោះ ឃុន សៀកម៉ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។ ទី៣ ឈ្មោះ អឿង ឈុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ទី៤ ឈ្មោះ អឿង វីរៈ ហៅចយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ទី៥ ឈ្មោះ សុំ ពិសិដ្ឋ ហៅឈីត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមុនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន០៤គ្រឿង ។
លោកអធិការ បានបន្តថា ក្រុមជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាព ជិះម៉ូតូដេញតាមកៀរ ធាក់ ប្រើខ្សែក្រវ៉ាត់ វាយ ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕