គ្រាន់តែជំពាក់លុយគេ៤០០ដូល្លារគិតខ្លីជិះរុឺម៉កកង់បីមកលោតទឹកពីលើស្ពានប៉ងបញ្ចប់ជីវិត
ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូរុឺម៉កកង់បីរបស់ខ្លួនមកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មី ដើម្បីសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានបងប្អូនប្រជានសាទប្រទះឃើញចេញទូកទៅជួយសង្គ្រោះទាន់ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ ២០១៩ នៅគល់ស្ពានជ្រោយចង្វារខាងកើត ស្ថិតនៅក្នុងភូមិដេីមគរសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ។
បុរសមានវិបត្តិរូបនោះមានឈ្មោះ ចេវ ពន្លក អាយុ៣៥ឆ្នាំរស់នៅម្តុំផ្លូវសុខហុកខណ្ឌ៧មករា មានស្រុកកំណើតនៅ
ខេត្តព្រៃវែង ។
បើតាមប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសគិតខ្លីរូបនោះបានបើករឺម៉កកង់បីឡើងលើស្ពានជ្រោយចង្វារថ្មី ទិសដៅពីលិចទៅកើតខណៈមកដល់កណ្តាលស្ពានក៏បានចុះពីលើម៉ូតូកង់បីរួចលោតពីលើស្ពានចូលទៅក្នុងទឹកទន្លេតែម្ដង ។ សំណាងចេះទឹកមិនលង់ស្លាប់ ភ្លាមៗត្រូវបានប្រជានេសាទប្រទះឃើញបានចេញទូកទៅជួយសង្គ្រោះនិងលើកយកមកគោកប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលជ្រោយចង្វារដើម្បីសាកសួរនិងណែនាំកុំអោយគិតខ្លីទៀត ។
បើតាមសម្ដីបុរសគិតខ្លីរូបនោះបានអោយដឹងថា ខ្លួនធុនទ្រាន់នឹងជីវិតមិនចង់រស់នៅនោះទេ។ ទោះបីជាយ៉ាងណា រូបគាត់មិនបានបញ្ជាក់ពីមូលហេតុអ្វីច្បាស់លាស់នោះទេ គ្រាន់តែថាខ្លួនជំពាក់លុយគេ៤០០ដូល្លារហើយនឹងមានវិប្បត្តិក្នុងគ្រួសារដោះស្រាយមិនចេញ ។
ក្រោយមកសមត្ថកិច្ច ប៉ុស្តិជ្រោយចង្វារបានអប់រំនិងណែនាំរួចបានទំនាក់ទំនងហៅបងប្អូនមកទទួលយកទៅផ្ទះវិញ៕