សិស្សសាលាពីរនាក់ជិះម៉ូតូឌុបគ្នាវ៉ារថយន្តកុងតឺន័រមិនផុតទាក់ចង្កូតដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ម្នាក់និងម្នាក់ទៀតរបួសស្រាល
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌នឹងម្នាក់ទៀតបានរងរបួសស្រាលខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាព្យាយាមវ៉ារថយន្តមិនផុតរេចង្កូតដួលខ្ទាតចូលក្រោមរថយន្ត កាលពីវេលាម៉ោង៤នឹង១០នាទី ល្ងាចថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ វិមានឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះដែលស្លាប់មានឈ្មោះ ធី សុវណ្ណ អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសែនសុខ ស្នាក់នៅភូមិចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នឹងយុវជនរងរបួសមានឈ្មោះ ផើន ផាត់យុទ្ធ អាយុ១៧ ឆ្នាំរៀនជាមួយគ្នា ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ សេរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2041 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីលិចទៅកើតយ៉ាងលឿនហើយបានព្យាយាមវ៉ារថយន្តកុងតឺន័រខាងឆ្វេងដៃតែវ៉ាមិនផុតដល់ពាក់កណ្តាលរថយន្តក៏ស្រាប់តែរអិលដួលខ្ទាតយុវជនម្នាក់ដែលពីក្រោយចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធម៌ចំណែកយុវជនម្នាក់ទៀតដែលជាអ្នកឌុបបានខ្ទាតចេញក្រៅរងរបួសស្រាល ឬឯរថយន្តកុងតឺន័របន្ទាប់ពីកើតហេតុបានព្យាយាមបើកគេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ ។ ចំណែកសពយុវជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តកុងតឺន័រសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តអោយចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕