ផ្ទុះរឿង កីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ ដណ្ដើមបានមេដាយមាស ជើងឯក ពិភពលោក បែរជាទទួលបានប្រាក់រង្វាន់ជ័យលាភី ២០លានរៀល បាត់អស់ ១០០លានរៀល
ភ្នំពេញ៖ នៅពេលថ្មីៗនេះបានផ្ទុះរឿងកក្រើកពេញសង្គម facebook និងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកផ្សេងៗ បានធ្វើការចុះផ្សាយព្រោងព្រាត អំពីភាពមិនប្រក្រតី ដែលកីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ ទទួលបានមេដាយមាសជើងឯកពិភពលោក បែរជា មានភាពមិនប្រក្រតីក្នុងការទទួលប្រាក់រង្វាន់លើក ទឹកចិត្តពី ១២០លានរៀល នៅសល់ត្រឹមតែ ២០លានរៀលតែប៉ុណ្ណោះ។
ក្នុងការប្រកួត កីឡាកាយវប្បកម្ម ជ្រើសរើសមជើងឯកពិភពលោក លើកទី ១០ឆ្នាំ ២០១៨នៅប្រទេសថៃកីឡាករ សំបូរ សុភ័ណ្ឌ ដណ្ដើមបានមេដាយមាស ជើងឯកពិភព លោក បានកើតទុក្ខមិនសុខចិត្ត ហើយបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមfacebookផ្ទាល់ខ្លួនមានឈ្មោះ suphorn somboធ្វើការអំពាវនាវស្វែងរកយុត្តិធម៌ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជួយរកយុត្តិធម៌ ដោយសារតែប្រាក់រង្វាន់ ដែលត្រូវទទួលបានមានភាពមិនប្រក្រតី។
បើយោងតាមfacebookផ្ទាល់ខ្លួន ឈ្មោះ suphorn sombo ដែលបានបានបង្ហោះចូល page ផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី ដោយបានបញ្ជាក់ថា ” ខ្ញុំបាទសូមជំរាបសួរ និងគោរពសម្ដេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំបាទជាកីឡាករ កាយវប្បកម្មកម្ពុជា ដែលទើបនឹងប្រកួតបានមេដាយមាស លំដាប់ពិភពលោក កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ ២០១៨នៅប្រទេសថៃដែល ប្រទេសចូលរួម ប្រមាណ ៥១ប្រទេស ថ្ងៃនេះខ្ញុំបាទមានបញ្ហា ដែលទាក់ទងទៅនឹងប្រាក់រង្វាន់លើកទឹកចិត្ត ដោយ ក្រសួងអប់រំ បានទម្លាក់ប្រាក់រង្វាន់លើកទឹកចិត្ត ពី១២០លានរៀលនៅត្រឹម ២០លានរៀល ដោយមិនបានបញ្ជាក់ពីមូលហេតុនិងមិនបានប្រាប់កីឡាករ មុនថ្ងៃប្រកួតនោះទេ លុះដល់ពេលដែលខ្ញុំបាទប្រកួតរួច ទទួលបានមេដាយមាស ហើយទើបក្រសួងបានប្រកាសថា ទម្លាក់ប្រាក់រង្វាន់លើកទឹកចិត្តទៅវិញខ្ញុំ សូមអោយសម្ដេចជួយដោះស្រាយបញ្ហានេះ អោយខ្ញុំបាទផង ពីព្រោះខ្ញុំមិនដឹងថា ត្រូវដោះស្រាយបញ្ហានេះ ដោយវិធីណាទេ សូមអោយសម្ដេចជួយដោះស្រាយបញ្ហានេះ ឲ្យខ្ញុំបាទដោយក្តីអនុគ្រោះខ្ញុំបាទសូមអរគុណ សម្ដេច ជូនពរឲ្យសម្ដេចមានសុខភាពល្អ ” ។
ចំណែកនៅក្នុងគណនេយ្យផ្ទាល់ខ្លួន របស់ Nun Sombo ដែលត្រូវជាបងប្រុស សំបូរ សុភ័ណ្ឌ បានផុសបញ្ជាក់ថា ” យប់នេះដេកមិនលក់ទេ មិនសប្បាយចិត្តនិងភាពអយុត្តិធម៌ក្នុងនាមជាកីឡាករវប្បកម្មកម្ពុជាម្នាក់ ហើយក៏ជាបងបង្កើតរបស់កីឡាករ សំបូរ ណាន និង សំបូរ សុភ័ណ្ឌ មិនសប្បាយចិត្តនិងមិនអាចទទួលយកបាន នូវប្រាក់រង្វាន់ ២០លានរៀល ហេតុអីបានជាខ្ញុំនិយាយអញ្ចឹង ពីព្រោះប្រាក់រង្វាន់ដែលត្រូវទទួលបានគឺ ១២០លានរៀល សម្រាប់កីឡាករដែលបានមេដាយមាស ហើយមេដាយប្រាក់គឺទទួលបាន៨០លានរៀលនិងមេដាយសំរឹទ្ធទទួលបាន ៦៤លានរៀល ព្រោះកីឡាករកាយវប្បកម្ម ធ្លាប់ទទួលបានរួចមកហើយកាលពីឆ្នាំ ២០១៦និងឆ្នាំ ២០១៧រហូតដល់ឆ្នាំ ២០១៨កីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ ទទួលបានមេដាយមាសពិភពលោកលើកទី ១០នៅថៃ ជាម្ចាស់ផ្ទះ ហើយហេតុអ្វីបានជាប្រាក់រង្វាន់បានត្រឹមតែ ២០លានរៀល ១០០លានរៀលទៀតបាត់ ទៅណា បើអ្នកចង់ទម្លាក់ប្រាក់រង្វាន់ហេតុម្ដេច អ្នកមិនផ្ដល់ដំណឹងតាំងពីមុនពេល ដែលកីឡាករចេញទៅប្រកួត មិនមែនបានមេដាយហើយ បានប្រាប់ដូច្នេះទេ ហេតុដូច្នេះបានជារូបខ្ញុំមិនអាចទទួលយកនូវភាពអយុត្តិធម៌នេះបានទេ ជាចុងក្រោយខ្ញុំបាទសូមលើកម្រាមដៃដប់ សូមអោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអ្នកមានអំណាចជួយរកយុត្តិធម៌និងជួយលើកស្ទួយ ដល់កីឡាករកាយវប្បកម្មកម្ពុជាដ៏កម្សត់នេះផងបាទ ” ។
យ៉ាងណា អ្នកសារព័ត៌មានយើង មិនទាន់អាចសុំការឆ្លើយបំភ្លឺ ពីរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា បាននៅឡើយទេ៕