Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ទីបំផុត​ វាសនាឧកញ៉ា គិត ធាង​ ត្រូវបានតុលាការចេញដីកា​ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ខែមិនាឆ្នាំ២០១៩នេះ​ លោក សេង លា ចៅក្រមស៊ើបសួរ នៃសាលា​ដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ឧកញ៉ា គិត ធាង ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ។

លោក ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិ​ញៀន និង បទសមគំនិត » តាមមាត្រា៤២ និង ៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ឧកញ៉ា​ គិត​ ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ បន្ទាប់ពីសមត្ថកិច្ចបានទៅដល់ផ្ទះរបស់លោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចនិងតុលាការ ក្នុងការនាំខ្លួនលោក ឧកញ៉ា​ គិត​ ធាង បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) កាលពីព្រឹកថ្ងៃទី១១ ខែមីនា បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅ​ក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវ​ចាត់វិធាន​ការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់៕