ឆេះផ្ទះលក់សាំងនៅខេត្តមណ្ឌលគិរីសម្លាប់យុវតី២នាក់យ៉ាងអាណោចអធម៌
មណ្ឌលគីរី៖ យុវតី២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចគួរឲ្យរន្ធត់និងនារី២នាក់ទៀតរងរបួសត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកផ្ទះចំនួន៤ខ្នងត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង។
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃទី១៨ខែមិនាឆ្នាំ២០១៩ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគី ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ភេទប្រុស អាយុ៥២ឆ្នាំមានទីលំនៅចំណុចកើតហេតុខាងលើ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ហ៊ាង សម្ភស្ស ភេទស្រី អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី អាយុ ១៤ឆ្នាំ ។
សមត្ថកិច្ចបានបន្តថា ករណីអគ្គីភ័យនេះ បណ្ដាលមកពីម្ចាស់ការ៉ាសសាំងមានការធ្វេសប្រហេស ផ្ទេរប្រងចូលសុីទែនគ្មានលក្ខណៈបច្ចេកទេស ធ្លាយសាំងទៅចង្កានហ្គាស់ បណ្ដាលឲ្យឆាបឆេះរាលដាលបន្តឆេះដល់ផ្ទះចំនួន៤ខ្នងទៀតអស់ទាំងស្រុងបង្កឲ្យស្លាប់យុវតី២នាក់និង២នាក់ទៀតរងរបួស ។
សមត្ថកិច្ចបន្តទៀតថា ក្នុងកិច្ចប្រតិបត្តការគ្រោះអគ្គីភ័យក្រុមកម្លាំងអន្តរាគមន៍បង្កនិងពន្លត់អគ្គីភយ័ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់ទឹកអស់ចំនួន ២៥ឡាន ទើបពន្លត់រលត់ទៅវិញទាំងស្រុង ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ។
សមត្ថកិច្ចបានក្រើនរំលឹកនិងអំពាវនាវ អោយបងប្អូនប្រពលរដ្ឋ មានការប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះអគ្គីភ័យ ព្រោះជារដូវនេះជារដូវក្ដៅងាយនិងកើតមានអគ្គីភ័យណាស់ ៕