អស្ចារ្យមែន!!បើករថយន្តស៊េរីទំនើបបុករបាំងថ្មដាច់កង់នៅតែបើកទៅមុខបាន
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ស៊េរីទំនើប ម៉ាកលុច្សសុីសមួយគ្រឿង មិនប្រយត្ន័ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ បណ្ដាលឲ្យរថយន្តដាច់កង់មុខខាងឆ្វេងតែអាចបើកបន្តដំណើរទៅមុខបានជិត១ពាន់មែត្រ
គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី១៩ ខែមិនាឆ្នាំ២០១៩ នៅចំណុចទល់មុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកលុច្សសុីសLX470 ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ2S-9668 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ រីឯរថយន្តបង្កបានដាច់កង់មុខខាងឆ្វេង ហើយនៅតែបើកទៅមុខដោយមានកង់តែ៣ បាន ប្រហែល១០០០ម៉ែត្រទើបសមត្ថកិច្ចមូលដ្ឋានឃាត់បាន សំណាងល្អដែរទីតាំងខាងលើជាទីប្រជុំជនដែលមានអ្នកធ្វើដំណើរច្រើន តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕