ផ្ទុះរំសេវផាវធ្វើឲ្យមនុស្សប្រុសស្រី៥នាក់របួសធ្ងន់ស្រាលនៅស្រុកតាវែង
ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបុរសម្នាក់ទិញផាវដាក់ចូលក្នុងដបអឹម១៥០ ពេលជក់បារីរួចបានធ្លាក់បារីចូលបណ្ដាល ឲ្យឆេះនិងផ្ទុះត្រូវរបួសខ្លួនឯងនិងក្មេង៤នាក់ទៀតខណៈដែលក្មេងៗកំពុងតែឈរមើល
ហេតុការណ៍គួរឲ្យព្រឺព្រួចនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
អធិការនគរបាលស្រុកតាវែង លោក អាំង ភឿក បានឲ្យដឹងនៅព្រឹកថ្ងៃទី២២មីនានេះ ថា ជនរងគ្រោះដែលរងរបួសរួមមានទី១-ឈ្មោះ ហេង សារឿន ភេទប្រុស អាយុជាង៤០ឆ្នាំ រងរបួសធ្ងន់ ត្រង់ជើងខាងស្តាំ មានទីលំនៅភូមិតាវែងលើ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី (អ្នកទិញផាវមកដុត)
ទី២-ឈ្មោះ សើន អួន ភេទប្រុស អាយុ១១ឆ្នាំ រងរបួសធ្ងន់ ត្រង់មុខ។ ទី៣-ឈ្មោះ តឿង ជឿង ភេទប្រុស អាយុ៨ឆ្នាំ រងរបួសធ្ងន់ ធ្លាយពោះវៀន។ ទី៤-ឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំរងរបួសស្រាល។ ទី៥-ឈ្មោះ ចាង ត្រិន ភេទស្រី អាយុ២៦ឆ្នាំ រងរបួសស្រាល អ្នកទាំងអស់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ឈ្មោះ ហេង សារឿន (ជនបង្ក) បានទៅទិញផ្លែសំរងនៅកន្លែងកើតហេតុ មិនទាន់ទិញបានក៏ទៅទិញផាវមកដាក់ចូលក្នុងដបអឹម១៥០ ឃើញដូច្នេះក្មេងនៅក្បែរនោះក៏នាំគ្នាទៅមើល ខណ:នោះដែរឈ្មោះសារឿន បានជក់បារីក៏ធ្លាក់បារីចូលទៅក្នុងដបបណ្តាលឲ្យឆេះហើយផ្ទុះតែម្តង។
លោកអធិការបានបញ្ជាក់ថា បច្ចុប្បន្នលោកបានធ្វើរបាយការណ៍បញ្ជួនទៅថ្នាក់លើដើម្បីចាត់ការតាមនិតិវិធីច្បាប់៕