មន្ត្រីយោធាម្នាក់បើករថយន្តបុកយុវជនម្នាក់ស្លាប់និងប្រើអាវុធ(គ្មានច្បាប់)ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
កណ្ដាល៖ មន្ត្រីយោធាម្នាក់បើករថយន្តលឿនដូចហោះមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ បណ្ដាលឲ្យយុវជនមនាក់ដែលជិះម៉ូតូស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៧និង២៥នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១២១០ភូមិដំរីឆ្លងឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ុន វីរៈ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរ ជាជាងជួលជុលរថយន្ត មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ឌិន សុីដេត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរៈយោធា មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកលុចសុីសពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ02.2-2416 បើកបរដោយបុរសម្នាក់ជាមន្ត្រីយោធាខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវ១២១០ ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿនដោយមិនបានប្រុងប្រយត្ន័ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1P-8626 ពេញទំហឹង ដែលជិះទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យយុវជនរងគ្រោះដែលជិះម៉ូតូស្លាប់ភ្លាមៗមួយរំពេចនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំដោយមានអាវុធខ្លីមួយដើម ម៉ាកNP34 លេខBO-18287និងបង់០១(គ្មានគ្រាប់)។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការនគរបាលស្រុកស្អាងព្រមទាំងនាំខ្លួនអ្នកបើកបរ រថយន្តបង្កទៅសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕