បុគ្គលិកកាស៊ីណូ L.Y.P ម្នាក់ជិះម៉ូតូបុកគល់ស្ពានរួចធ្លាក់ទឹកស្លាប់យ៉ាងអាណោចអធម៌
កោះកុង៖ បុរសម្នាក់បានបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុកគល់ស្ពាន ធ្លាក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩ នៅចំណុចក្បែរសណ្ឋាគារកោះកុងបេយ៍ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អន រីម ប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ L.Y.P មានទីលំនៅបច្ចុប្បន្ន ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមុនកើតហេតុសង្ស័យស្រវឹងស្រាហើយបានបើកបរខ្វះការប្រុងប្រយត្ន័ទើបបណ្ដាលឲ្យជ្រុលបុកគល់ស្ពាន ហើយបន្តធ្លាក់ទឹកលង់ស្លាប់បាត់បង់ជីវិតតែម្ដង ។
សមត្ថកិច្ចបានបន្តទៀតថា សាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។ ចំណែកម៉ូតូជនរងគ្រោះម៉ាកDream C125 ឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង1A-1434 ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការរដ្ឋានក្រុងខេមរភូមិន្ទ រងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជួនវិញ ៕