ទីតាំងហ្គេមបាញ់ត្រី ខុសច្បាប់នៅខណ្ឌមានជ័យសមត្ថកិច្ចមិនបង្ក្រាបសង្ស័យទទួលបានលាភសក្ការៈ
ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតក្នុងផ្លូវឌឿងហែម ក្បែរអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើ និងមួយទីតាំងទៀតនៅផ្ទះ តាបប៊ីយ៉ា ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កំពុងបើកលេងដំណើរការទាំងយប់ថ្ងៃយ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់សមត្ថកិច្ច។
សូមបញ្ជាក់ថា ចំពោះទីតាំងនៅភូមិទ្រា៤ផ្ទះតាបប៊ីយ៉ាធ្លាប់បានសមត្ថកិច្ចចុះបិទម្ដងរួចមកហើយ តែម្ចាស់ទីតាំងមិនខ្លាចបែជាបើកឌឺសមត្ថកិច្ចវិញ។
ប្រភពអោយដឹងថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើមានឈ្មោះ ធី ហៅស្មី ហើយទីតាំងខាងលើនេះបើកជាយូរមកហើយ ។ លើសពីនេះ បុគ្គលរូបនេះពុំមែនមានតែទីតាំង២កន្លែងនេះទេ គឺមានទីតាំងជាច្រើនទៀត ក្នុងខណ្ឌមានជ័យ ខណៈមិនមានការចុះបង្ក្រាប ។
ប្រភពបាបបន្តថា ម្ចាស់ទីតាំងរូបនេះ មានឥទ្ធិពលខ្ពស់ជាងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យទៅទៀត ទើបរូបគេអាចបើកដំណើរការទីតាំងខុសច្បាប់របស់ខ្លួនបានយ៉ាងរលូនដូចនេះ ។ ប្រភពព័ត៌មាន បង្ហើបអោយដឹងថា មេប៉ុស្តិ៍មួយចំនួនក្នុងមូលដ្ឋានខណ្ឌមានជ័យ សង្ស័យជាប់ពាក់ព័ន្ធក្នុងទទួលបានលាភសក្ការះប្រចាំខែពីទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះផងដែរ ជាថ្នូរនឹងការមិនបង្ក្រាប ៕