លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបញ្ជួនខ្លួនទៅកាន់តុលាការបន្ទាប់ពីសាកសួររួច
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ខែមេសាឆ្នាំ២០១៩នេះ លោកផែង វណ្ណៈ បានកម្លាំង កងរាជអាវុធហត្ថលើផ្ទៃ នាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួចមក។
សូមបញ្ជាក់ថា៖លោក ផែង វណ្ណៈត្រូវបានកម្លាំងកងរាជអាវុធលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០១៩ ក្រោយលោក គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ពាក្យបណ្ដឹងនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គមFacebookផ្សព្វផ្សាយដល់ សាធារណជន គោលបំណងបរិហាកេរ្តិ៍ ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។
មេធាវីសម្តេចតេជោ ហ៊ុន សែន បានអះអាងថា សំណេរនេះបានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានផែនការច្បាស់លាស់ និងចេតនាទុច្ចរិតពិតប្រាកដធ្វើការប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី ។ សំណេរនេះឈ្មោះ ផែង វណ្ណៈ ក៏បានធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមទំព័រ (Page) Facebook របស់ខ្លួន ក្នុងបំណងឲ្យសាធារណជន (Friends) មានការភាន់ច្រឡំ ជឿជាក់ និងទម្លាក់កំហុសទៅលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងក៏ជាចេតនាទុច្ចរិត ដែលមានចរិតញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ជាក់ស្តែងសាធារណជនដែលជា (Friends) បានបញ្ចេញជាទស្សនៈ យោបល់ (Comment) ជាច្រើន ដោយមានការភាន់ច្រឡំ និងសំដៅទៅលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាជា ឃាតករសម្លាប់ លោកបណ្ឌិត កែម ឡី។ មេធាវីសម្តេចតេជោ ហ៊ុន សែន សុំប្តឹងនិងធ្វើសំណូមពរ ចំពោះលោកព្រះរាជអាជ្ញា ធ្វើការពិនិត្យសម្រេចឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់
ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
ពេលនេះ លោក ផែង វណ្ណៈ កំពុងត្រូវបានតុលាការធ្វើការសាកសួរបន្ត ៕