នគរបាលរកឃើញទីតាំងផលិតគ្រឿងញៀនដ៏ធំមួយកន្លែងតែម្ចាស់រត់គេចខ្លួនបាត់
ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានស្រាវជ្រាវរកឃើញទីតាំងផលិតគ្រឿងញៀននិងបានស្ទូចយកម៉ាស៊ីនផលិតគ្រឿងញៀនជាច្រើនប្រភេទ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ខែមេសាឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្ទះគ្មានលេខតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
កិច្ចបង្ក្រាបការខាងលើ នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ដែលធ្វើដំណើរនៅតាមបណ្តោយផ្លូវ៣៧១ត្រង់ចំណុចទីតាំងកើតហេតុបាននាំគ្នាចោមរោមមើលហើយហួសចិត្តស្ទើតែមិនគួរឲ្យជឿថា មានឧក្រិដ្ឋជនហ៊ានយកម៉ាស៊ីនផលិតគ្រឿងញៀនមកផលិតនៅទីសារធារណះជាប់និងផ្លូវធំកណ្ដាលទីក្រុងសូម្បីតែសមត្ថកិច្ចមូលដ្ឋានក៏មិនបានដឹងសោះ តែសូមសរសើរដែលកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវរកឃើញទាន់ កុំអីមិនដឹងជាឧក្រិដ្ឋជនមានឱកាសផលិតចេញគ្រឿងគ្រឿងជាច្រើនគីឡូដើម្បីយកទៅចែកចាយបន្តធ្វើឲ្យបំពុលយុវជនដែលជាទំពាំងស្នងឬស្សីវង្វេងវង្វាន់អស់ប៉ុន្មាននាក់នោះទេ។
-ជុំវិញករណីបង្រ្កាបទីតាំងផលិតគ្រឿងញៀនខាងលើនេះសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនមិនអាចបញ្ជាក់ប្រាប់ថាបានដកហូតថ្នាំញៀនប៉ុន្មានគីឡូនោះទេ។
ដោយគ្រាន់តែបង្ហើបថា សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់មេក្លោងឲ្យបាននាពេលឆាប់ៗខាងមុខនេះដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕