តុលាការបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ផែង វណ្ណ: ដាក់ពន្ធនាគារព្រៃស
ភ្នំពេញ៖ ទីបំផុតនៅវេលាថ្ងៃត្រង់ ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៩ នេះតុលាការបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គល ផែង វណ្ណ: ដាក់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួន២បទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» ។
លោក លី សុផាណា អ្នក នាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែង តាមបណ្ដាញសង្គម Telegram នៅព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩ នេះ ថា «ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី» ។
ពាក់ពន្ធ័ករណីបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ ចំណែកបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កំណត់ពិន័យជាប្រាក់ពី ១សែនរៀលទៅ១០លានរៀល។
សូមរំលឹកថា បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសធ្វើការសួរដេញដោលចប់សព្វគ្រប់ហើយនោះ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៩ នេះបានបញ្ជូនខ្លួនលោក ផែង វណ្ណៈ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនាំពាក់ព័ន្ធ ករណី ញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និង បរិហារកេរ្តិ៍ ជាសាធារណៈ ។
សូមជម្រាមថា នៅព្រឹកថ្ងៃទី២ ខែ មេសា ឆ្នាំ ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនលោក ផែង វណ្ណៈ ដោយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ដេីម្បីសាកសួរ ។ ការចាប់ខ្លួន លោក ផែង វណ្ណៈ គឺ អនុវត្តតាមដីកាបញ្ជាឱ្យ ចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជ អាជ្ញារង អមសាលាដំបូង រាជធានី ភ្នំពេញ និង យោងតាម ពាក្យបណ្តឹងរបស់លោក គី តិច មេធាវី តំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ។
កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ លោក អ៊ុំ សុភក្តិ ព្រះរាជ អាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ ចេញ ដីកា បញ្ជា ឱ្យ ចូល ខ្លួន ដល់ លោក ផែង វណ្ណៈ ដោយ ត្រូវ បង្ហាញ ខ្លួន នៅ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ឱ្យបានមុនថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ ដេីម្បី សាកសួរ ពាក់ព័ន្ធ ករណី ញុះញង់ ឱ្យ ប្រព្រឹត្ត បទ ឧក្រិដ្ឋ ជា អាទិ៍ និង បរិហារកេរ្តិ៍ ជា សាធារណៈ ។ ដីកាបញ្ជាឱ្យចូលខ្លួនដែល ទេីបទទួលបាននៅ ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩ នេះ គឺ អនុញ្ញាត ឱ្យ មន្ត្រី នគរបាល យុត្តិធម៌ ប្រេីប្រាស់ កម្លាំង សាធារណៈ ដេីម្បីបង្ខំលោក ផែង វណ្ណៈ ឱ្យចូលបង្ហាញខ្លួន ៕