សាហាវព្រៃផ្សៃណាស់! ឃាតកសម្លាប់កាត់ក្បាលស្ដ្រី២នាក់យកទៅបាត់បន្សល់ទុកខ្លួន គួរឲ្យរន្ធត់
កំពង់ចាម៖ រន្ធត់ខ្លាំងណាស់ស្ត្រីវ័យចំណាស់និងចៅអាយុ៦ឆ្នាំត្រូវឃាតក សម្លាប់កាត់ក្បាលយកទៅបាត់បន្សល់ទុកខ្លួន
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣ខែមេសាឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនរងគ្រោះ(ស្លាប់) មានឈ្មោះ ពូ អូន អាយុ៦៥ឆ្នាំ និងជនរងគ្រោះ (ស្លាប) ម្នាក់ទៀតមានឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ ជនរងគ្រោះទាំង២ត្រូវឃាតក មិនស្គាល់មុខសម្លាប់កាត់ក្បាល យ៉ាងសាហាវ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនមានការភ្ញាក់ផ្អើលនៅវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន បានទទួលព័ត៌មានពីឈ្មោះ ដើង ថន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងបឹង ឃុំថ្មពូន ថាបានបាត់ម្តាយនិងក្មួយស្រីបង្កើតអាយុ៦ឆ្នាំចេញពីផ្ទះមិនឃើញ ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានបណ្ដឹងផ្ទាល់មាត់ និងសំណូមពររបស់ស្ត្រីខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ថ្មពូន បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ ធ្វើការស្រាវជ្រាវរុករក ក៏បានប្រទះឃើញសាកសពជនរងគ្រោះទាំងពីរនាក់
នៅក្នុងព្រៃខាងត្បូងផ្ទះ ជនរងគ្រោះចម្ងាយប្រហែល៣៥០ម៉ែត្រ ដោយសាកសពនៅបែកពីគ្នាគ្មានក្បាលទាំង២ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ ឃាតក ពិតជាសាហាវ សម្លាប់ហើយកាត់ក្បាលថែមទៀត តែទោះជាយ៉ាងណា ជុំវិញករណីនេះ សមត្ថកិច្ចមិនទាន់កំណត់អត្តសញាណជនសង្ស័យបានឡើយ កម្លាំងនគរបាលជំនាញ កំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕