ទីបំផុត ! យុវជនដែលទៅប្ដឹងនគរបាលប៉ុស្តិព្រែកកំពឹសថាចោរប្លន់ម៉ូតូនោះបានចេញមុខសុំទោសជាសាធារណៈថាជារឿងយល់ច្រឡំ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ យុវជន២នាក់បានមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការបំភ្លឺនិងសុំទោសសមត្ថកិច្ច ជាសាធារណៈ ជុំវិញករណីវាយប្លន់ម៉ូតូរបស់ពួកគេ កាលពីវេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅជិតបុរីពិភពថ្មី តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កន្លងទៅ ដោយពួកគេ សារភាពថា យល់ច្រឡំដោយសាររឿងឈ្លោះវាយតបគ្នាទេ យុវជនខាងលើបានរត់ចោលម៉ូតូហើយទៅប្ដឹងសមត្ថកិច្ចថាជាករណីប្លន់ បន្ទាប់មកពួកគេក៏បានទៅកន្លែងកើតហេតុក៏ឃើញម៉ូតូរបស់ខ្លួនវិញ រួចយកទៅស្រុកកំណើតបាត់ ដោយមិនដកពាក្យបណ្ដឹងរាយការណ៍ប្រាប់សមត្ថកិច្ចវិញ ។
យុវជនទាំង២នាក់មានទី១ឈ្មោះ ពិត ជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបបបើកឡានបេតុង មានស្រុកកំណើតក្នុងភូមិព្រះម្លូរ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។ ទី២ ឈ្មោះ យ៉ាន់ ពៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបបនៅផ្ទះ មានស្រុកកំណើតជាមួយគ្នា ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ យុវជនទាំង២នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងជារបស់ខ្លួននិងមិត្តភ័ក្តរួមដំណើរម៉ូតូ២គ្រឿងទៀត ដោយមានគ្នា៤នាក់ បានចេញពីការផឹកសុីនៅក្នុងបុរីពិភពថ្មីចំការដូង ក្នុងគោលបំណងជូនមិត្តភ័ក្តទៅកន្លែងដេកនៅចំណុចជិតកន្លែងកើតហេតុខាងលើ ហើយបានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់មុខរោងចក្រស្រាបៀរកម្ពុជា ក៏បានឈ្លោះគ្នាជាមួយយុវជនមួយក្រុមទៀតមាន៣នាក់ជិះម៉ូតូហុងដា ZOOMER.X មិនចាំពណ៌ មិនចាំស្លាកលេខ រហូតដេញវាយគ្នាដល់កន្លែងកើតហេតុខាងលើ ទើបពួកគេបានផ្ដួលម៉ូតូរត់គេចទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ថាគេប្លន់។
បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួចរាល់ យុវជនរងគ្រោះខាងលើក៏បានទៅកន្លែងកើតហេតុរកមើលម៉ូតូស្រាប់តែឃើញម៉ូតូរបស់ខ្លួនវិញ ហើយក៏យកទៅស្រុកកំណើតនៅឯខេត្តព្រៃវែងបាត់ ដោយមិនបានដកពាក្យបណ្ដឹង និងសហការជាមួយសមត្ថកិច្ចឡើយ ធ្វើឲ្យខាងសមត្ថកិច្ចមានការអាប់អោនកេតយស ដោយក្នុងមូលដ្ឋានរបស់លោកអសន្តិសុខខ្លាំង ។
ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋនិងប្រព័ន្ធផ្សព្វផ្សាយមានការរិះគន់លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើការសហការជាមួយស្នងការនគរបាលខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់យុវជនខាងលើ និងបានស្រាវជ្រាវរកបុគ្គលទាំង២នាក់នេះ មកធ្វើការបកស្រាយ និងសុំទោសសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោជាសាធារណៈ ៕