Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នៅព្រឹកនេះអាវុធហត្ថភ្នំពេញបញ្ជូនបុរសដែលប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់​នៅផ្សារកណ្តាលទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នឹងបញ្ជូនបុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាល ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីជននេះត្រូវបានចាប់នាំខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីកម្លាំងជំនាញរបស់លោក បានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថាជារថយន្តរបស់ក្រុមហ៊ុនមួយ លោកក៏បានស្នើទៅក្រុមហ៊ុនឲ្យចេញមុខទទួលខុសត្រូវ។

សូមរំលឹកថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់ខាងលើនេះបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនៅនឹងថ្នល់ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញនោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់នាំយកមកផ្តន្ទាទោសតាមច្បាប់៕