បុរសម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តLEXUS RX 300បុកពេញទំហឹងស្លាប់
ព្រះសីហនុ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ ខណៈជិះម៉ូតូតាមផ្លូវត្រូវរថយន្ត LEXUS RX 300 បុកេញទំហឹង គ្រោះចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង ៣០រសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រូវចំណុចចន្លោះគីឡូម៉ែត្រលេខ១៨៤~១៨៥ភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហំ រ៉ូហ្សា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើយោងតាមរបាយការណ៍នគរបាលស្រុកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្ត០១គ្រឿងម៉ាក LEXUS RX 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q~2636 ដែលបើកបរទិសដៅ ពី ភ្នំពេញ ទៅក្រុងព្រះសីហនុ ក្នុងល្បឿនលឿនមិនបានប្រុងប្រយត្ន័ ខណៈមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុក ម៉ូតូ១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD- 1698 បើកដោយបុរសរងគ្រោះទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើករថយន្តបង្ក បន្ទាប់ពីបង្កងគ្រោះបានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ នគរបាល ចរាចរណ៍ចុះមកធ្វើការវាសវែងយករថយន្ត បង្កនិងម៉ូតូ ទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំស្រាវជ្រាវ រកម្ចាស់រថយន្តយកមកដោះ តាមច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕